ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤
ពិធីការិនី និង ជាតារាសម្តែងង្នកនាង គង់ ច័ន្ទស្រីមុំ បានចេញមុខសូមទោសជាសាធារណៈ ពីកំហុសដោយអចេតនារបស់ខ្លួនក្នុងអំឡុងបុណ្យចូលឆ្នាំ ខ្មែរ ក្រោយបង្ហោះរូបភាពមួយចំនួននៅក្រៅប្រទេស ធ្វើឱ្យប៉ះពាល់អារម្មណ៍មហាជន ។
នៅទីបំផុតតារាសម្ដែង និងជាពិធីការិនីដែលគេនិយមហៅថាជាជាអ្នកម្ដាយ ហាយសូរ អ្នកនាង គង់ ច័ន្ទស្រីមុំ បានចេញមុខសូមទោសមហាជនជាសាធារណៈពីកំហុសឆ្គងដោយអចេតនារបស់ខ្លួនអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ពីការបង្ហោះរូបភាពលំហែកាយនៅប្រទេស ថៃ ធ្វើឱ្យប៉ះពាល់អារម្មណ៍មហាជន និងការរិះគន់ខ្លាំងៗ។
គង់ ច័ន្ទស្រីមុំ ការចេញទៅដើរលេងក្រៅប្រទេស អំឡុងចូលឆ្នាំថ្មី ដោយសារនាងចង់បំពេញបំណងមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួនដែលបានហោះមកពី សហរដ្ឋអាមេរិក ដោយនាំគ្នាចេញទៅលំហែកាយនៅប្រទេសជិតខាង ។ ជាលទ្ធផលគឺមានរឿងមិនល្អកើតឡើងមែន រហូតទទួលបានការរិះគន់ពេញប្រទេស បន្ទាប់ពីនាងបង្ហាញនូវសកម្មភាពមួយចំនួននៅប្រទេសនោះក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ។
ភ្លាមៗបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន គង់ ច័ន្ទស្រីមុំ មិនបានចេញមុខបកស្រាយភ្លាមៗ នោះទេ ទើបតែនៅយប់ថ្ងៃទី ១៨ ខែ មេសា កន្លងមកនេះ នាងសម្រេចចិត្តចេញវិដេអូឡាយមួយ សូមទោសជាសាធារណៈនូវកំហុសឆ្គងដោយអចេតនារបស់ខ្លួន នាងសង្ឃឹមថា មហាជននឹងបានដឹង និងយល់ពីអារម្មណ៍នាង បន្ទាប់ពីនាងចេញវិដេអូនេះហើយ ។
ទន្ទឹមនិងការចេញវិដេអូឡាយនោះ ទាំងមិត្តភក្តិក្នុងនិងក្រៅសិល្បៈសុទ្ធតែបានសំណូមពរឱ្យមហាជន ឈប់បន្ទោសឬរិះគន់ គង់ ច័ន្ទស្រីមុំ តទៅមុខទៀត ពីព្រោះធ្វើឱ្យប៉ះពាល់អារម្មណ៍នាងខ្លាំង ណាមួយនាងក៏បានចេញមុខសូមទោសជាសាធារណៈរួចរាល់ដែរ ។
ថ្វីដ្បីតតែមានរឿងបែបនេះកើតឡើងចំពោះខ្លួនក្តី តារាសម្តែងហាយសូរ គង់ ច័ន្ទស្រីមុំ នៅតែបន្តធ្វើបុណ្យទាន សូត្រមន្ត និង ធ្វើសកម្មភាពសប្បុរសធម៌នានា...ដូចអ្វីដែលនាងបានធ្វើនាពេលកន្លងមកដដែល ពីព្រោះនាងមិនចង់មានអារម្មណ៍ថាមានសំពាធផ្លូវចិត្ត នាំតែប៉ះពាល់សុខភាព ដូចមហាជនធ្លាប់ដឹងហើយថា នាងក៏មានសុខភាពមិនល្អប៉ុន្មានដែរ តែនាងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួន មានក្តីសុខ។
សូមបញ្ជាក់ថា រាល់ពេលចេញទៅកម្សាន្តនៅក្រៅប្រទេសម្តងៗ តារាសម្តែងហាយសូរកូនមួយ គង់ ច័ន្ទស្រីមុំ តែងតែបង្ហោះរូបភាពស្អាតៗជាច្រើនដើម្បីឱ្យអ្នកគាំទ្របានឃើញ ប៉ុន្តែដំណើរកម្សាន្តរបស់នាងលើកនេះហាក់មិនរលូនឡើយ បន្ទាប់ពីទទួលបានការរិះគន់ពីមហាជនយ៉ាងចាស់ដៃពេញប្រទេស រហូតនាងសម្រេចចិត្តចេញវិដេអូឡាយសូមទោសជាសាធារណៈ នូវកំហុសឆ្គងដោយអចេតនា ។
៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន