ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
គ្រាន់តែរំលឹកដល់ពេលមុនប្រកួត Miss Grand Phnom Penh ២០២៤ កញ្ញា សំ ស្រីពេជ្រ ជាលំដាប់រងទី ២ ស្ទើរតែស្រកទឹកភ្នែក ពីព្រោះនឹកស្រណោះឪពុកម្តាយខំប្រឹងត្រដាបត្រដួសជួយកូនឱ្យបានចូលរួមប្រកួត ។
ទោះបីគ្មានសំណាងបានគ្រងមកុដ Miss Grand Phnom Penh ដើម្បីឈានជើងទៅថ្នាក់ជាតិ ប៉ុន្តែ កញ្ញា សំ ស្រីពេជ្រ ទទួលបានមកុដ លំដាប់រងទី ២ ពីកម្មវិធី បន្ទាប់ពីបានខំប្រឹងជំនះគ្រប់ឧបសគ្គដើម្បីបំពេញក្តីស្រមៃខ្លួន ជាពិសេសនាងទទួលបានកម្លាំងចិត្តខ្លាំងក្លាពីឪពុកម្តាយទោះជាជីវភាពគ្រួសាររបស់ខ្លួនមិនធូធារដូចជាបេក្ខភាពដៃទៀតក្តី ។
កញ្ញា សំ ស្រីពេជ្រ Miss Grand Phnom Penh លំដាប់រងទី ២ គឺជាកូនអ្នកខេត្ត កំពង់ស្ពឺ ដែលមានជីវភាពគ្រួសារមិនធូធារឡើយ តែដើម្បីបំពេញក្តីស្រមៃខ្លួន នាងបានខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្តើមមកុដកម្មវិធីមួយនេះ។ ប៉ុន្តែគួរឱ្យស្តាយនាងជាប់ត្រឹមតែលំដាប់រងទី ២ ប៉ុណ្ណោះ ។ បន្ទាប់ពីជាប់លំដាប់រងទី ២ មក កញ្ញាបានចាប់ផ្តើមលេចមុខក្នុងសិល្បៈជាបន្តបន្ទាប់ ដោយសារនាងជំនាញជាច្រើននៅក្នុងខ្លួន ។
នេះជាលើកដំបូងហើយដែលបវរកញ្ញារូបស្រស់ខាងលើ បានចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញា សំ ស្រីពេជ្រ បានរំលឹកប្រាប់ថា អ្នកដែលជំរុញទឹកចិត្តនាងខ្លាំងបំផុតក្នុងការប្រកួតនេះ គឺឪពុកម្តាយរបស់នាង បើទោះបីជាគ្រួសារនាងមិនមានជីវភាពធូធារ និងមានអ្នកមើលងាយក្តី តែនាងមិនខ្វល់ឡើយ ។
កញ្ញា សំ ស្រីពេជ្រ មិនត្រឹមតែមានទេពកោលស្យក្នុងការដើរម៉ូដ និង សម្តែងប៉ុណ្ណោះទេ នាងថែមទាំងអាចច្រៀងបានយ៉ាងល្អ កន្លងមកនាងក៏ធ្លាប់ដាក់ពាក្យចួលរូមប្រកួតនៅក្នុងការប្រលងចម្រៀងលំដាប់ពិភពលោកផងដែរ គ្រាន់តែមិនមានសំណាងបានជាប់ចំណាត់ថ្នាក់ល្អនិងគ្នា ។ ទៅថ្ងៃអនាគត កញ្ញា សំ ស្រីពេជ្រ គ្រោងនឹងយកជំនាញរបស់ខ្លួនទាំងអស់ដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈ និងបំពេញក្តីស្រមៃរបស់ខ្លួន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក