ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

 ហ៊ឹម វិជ្ជរ៉ា កាន់តែលេចធ្លោក្រោយឈ្នះ Best Photo វិញ្ញាសារថតម៉ូដទេពអប្សរាអង្គរ Portrait

១៣ កុម្ភៈ ២០២៤ | កម្សាន្ដ

 

 

ម៉ូដែលទ្រេមុខខ្មែរអង្គរ ហ៊ឹម វិជ្ជរ៉ា បានឈ្នះ Best Photo វិញ្ញាសារថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុង Concept អង់អាច ទន់ភ្លន់តែមិនទន់ជ្រាយ។ ភាពជោគជ័យនេះធ្វើឱ្យកញ្ញាកាន់តែលេចធ្លោខ្លាំងឡើងក្នុងការប្រកួតនេះ ខណៈវគ្គផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់។

 

 

តារាម៉ូដែលសម្បុរស្រអែមបែបខ្មែរអង្គរ ហ៊ឹម វិជ្ជរ៉ា ឬគ្រប់គ្នាស្គាល់ថា «Joss Hoem» បានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូប ឡើងក្តោបជយលាភី Best Photo វិញ្ញាសារថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុងការប្រកួត Cambodia’s Queen Of The Catwalk Season 1 រៀបចំឡើងដោយ អ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរ Catwalk លោក អូលីវ៉ា គង់។

 

 

អូលីវ៉ា គង់ ស្ថាបនិកកម្មវិធី Cambodia’s Queen Of The Catwalk Season 1 ឱ្យដឹងថា លោកតែងតែងចង់រំលេច និងបំផុសពីសិល្បៈវប្បធម៌ខ្មែរទៅឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញ ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ដើម្បីជួយគ្នាអភិរក្សទាំងអស់គ្នា។ ដូច្នេះទើបលោកសម្រេចចិត្តដាក់បញ្ចូលវិញ្ញាសារថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុងការប្រកួតបែប fashion នេះ ដើម្បីបង្ហាញឱ្យកូនខ្មែរ និងពិភពលោកស្គាល់ពីភាពអស្ចារ្យរបស់ ទេពអប្សរា ខ្មែរយើង។

 

 

ក្រោមការត្រួតពិនិត្យ វិនិច្ឆ័យយ៉ាងល្អិនល្អន់ពីរូបលោក និងគណៈកម្មការជំនាញ ២ រូបផ្សេងទៀត ទីបំផុតយើងបានរកឃើញអ្នកឈ្នះ Best Photo វិញ្ញាសារថតម៉ូដទេពអប្សរាអង្គរ Portrait ក្នុង Concept អង់អាច ទន់ភ្លន់តែមិនទន់ជ្រាយ គឺបានទៅលើ តារាម៉ូដែល ហ៊ឹម វិជ្ជរ៉ា ដែលរូបថត Portrait របស់នាងមើលទៅស្រស់ស្អាតខ្លាំង ហើយត្រូវ Concept អង់អាច ទន់ភ្លន់តែមិនទន់ជ្រាយរបស់កម្មវិធីតែម្តង។ នាងពិតជាស័ក្កសមជាអ្នកឈ្នះ Best Photo ក្នុងវិញ្ញាសារនេះខ្លាំងណាស់។

 

 

ក្រឡេកទៅមើល ម៉ូដែលរូបស្រស់ វិជ្ជរ៉ា ឯណោះវិញ ហាក់អស់សំណើចពេលដឹងថា ខ្លួនឯងឈ្នះ Best Photo វិញ្ញាសាររថតម៉ូដទេពអប្សរាអង្គរ Portrait ដោយនាងបានចែករំលែករូបថតភ្ជាប់ជាមួយ caption ថា «ចូលចិត្តហ្វាហ្សិនតែប្រកួតមិនបាន The best photo ទេ ដល់ជាប់ ជាប់បុរាណវិញ» ធ្វើឱ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមអស់សំណើចតាមគ្រប់គ្នា។ ប៉ុន្តែ ទន្ទឹមគ្នានោះនាងក៏ទទួលបានការអបអរសាទរយ៉ាងច្រើនចំពោះភាពជោគជ័យនាពេលនេះ។

 

 

បន្ទាប់ពីឈ្នះ Best Photo ក្នុងវិញ្ញាសារថ្មីនេះ ហ៊ឹម វិជ្ជរ៉ា មើលទៅកាន់តែលេចធ្លោខ្លាំងឡើង ខណៈដែលបេក្ខភាពត្រូវជម្រុះចេញពីការប្រកួតម្តងម្នាក់ៗរៀងរាល់សប្តាហ៍។ តើតារាម៉ូដែលរូបណានឹងក្លាយជាម្ចាស់ជយលាភីការប្រកួត Cambodia’s Queen Of The Catwalk Season 1 កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា!

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025