ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ហួន ស្រីខួច ពង្រីកមុខជំនួញថ្មី ស្របពេលការងារសិល្បៈកំពុងមានសន្ទុះ!

៣០ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

ម្ចាស់ជយលាភី 3rd Runner up Miss Supranational Cambodia 2023 កញ្ញា ហួន ស្រីខួច ហៅ Erica បានបើកបង្ហាញមុខជំនួញថ្មីយ៉ាងរីករាយ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីនាងក្តោបបានទីផ្សារការងារសិល្បៈជាច្រើននៅក្នុងដៃ។

 

 

បវរកញ្ញាសម្បុរស្រអែមស្រស់ កញ្ញា ហួន ស្រីខួច ហៅ Erica (អេរីកា) បានកំពុងបោះជំហានឆ្ពោះទៅរកក្តីស្រម៉ៃដ៏ធំមួយទៀតរបស់នាង តាមរយៈការបើកដំណើរការមុខជំនួញថ្មី ជាភោជនីយដ្ឋានម្ហូបខ្មែរ និងបានីយដ្ឋាន ឈ្មោះថា Erica’s Khmer Food & Bar។ តួយ៉ាង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ Erica បានរៀបចំពិធី Soft opening ហាងថ្មីនេះយ៉ាងអធិកអធម ដោយមានការចូលរួមសាទរពីសិល្បករ-សិល្បការនីប្រុសស្រីល្បីៗ និងញាតិមិត្តបងប្អូនយ៉ាងច្រើនកុះករ ញ៉ាំងឱ្យបរិយាកាសហាងថ្មីរឹតតែមានភាពសប្បាយរីករាយ។

 

 

ផ្តល់កិច្ចសម្ភាសន៍ដោយទឹកមុខញញឹមប្រិមប្រិយ Erica ថា នេះជាគោលដៅដ៏ធំមួយដែលនាងប៉ងចង់ធ្វើជាយូរមកហើយ។ ការសម្រេចជ្រើសរើសឈ្មោះរបស់នាងជាស្លាកយីហោភោជនីយដ្ឋានថ្មីនេះ គឹដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួនឯង និងចង់ចូលរួមលើកតម្លើងម្ហូបអាហារខ្មែរយើងឱ្យភ្ញៀវបរទេសបានស្គាល់កាន់តែច្រើនផងដែរ ដូច្នេះទើបនាងសម្រិតសម្រាំងយកម្ហូបខ្មែរដ៏មានឱជារសជាច្រើនប្រភេទមកធ្វើជាម្ហូបអាហារប្រចាំហាង ទុកសម្រាប់ណែនាំជូនភ្ញៀវបរទេសដែលមកទទួលទានអាហារនៅ Erica’s Khmer Food & Bar។

 

 

នេះជាសមិទ្ធផលថ្មីក្នុងឆាកជីវិតនៃការបង្កើតមុខជំនួញផ្ទាល់ខ្លួនរបស់បវរកញ្ញារូបស្រស់នេះ បន្ទាប់ពីនាងឈានជើងចូលវិស័យជំនួញរយៈពេលជាច្រើនឆ្នាំ។ក្រៅពីហាង Erica’s Khmer Food & Bar ស្រីខួច ក៏មានមុខជំនួញផ្សេងទៀតក្នុងដៃផងដែរ ជាហេតុនាំឱ្យនាងកាន់តែមមាញឹកខ្លាំងឡើង គួបផ្សំការងារសិល្បៈផងនោះ រឹតតែរវល់ដកឃ្លាស្ទើរមិនរួច។

 

 

ទោះជាយ៉ាងនេះក្តី 3rd Runner up Miss Supranational Cambodia 2023 មិនបោះបង់ចោលការងារសិល្បៈឡើយ គ្រាន់តែដកឃ្លាបន្តិច ដើម្បីយកពេលមើលថែជំនួញថ្មីនេះ តែប្រសិនផលិតករក្រុមហ៊ុន ឬខាង agency ត្រូវការទាក់ទងការងារណាមួយ នាងនឹងពិចារណាតាមការគួរ។

 

 

ឆ្លៀតឱកាសនេះ Erica ក៏សូមលើកទឹកចិត្តដល់មនុស្សស្រីគ្រប់រូបឱ្យមានភាពរឹងមាំ ក្លាហាន មុះមុតក្នុងការដើរឆ្ពោះទៅរកក្តីស្រម៉ៃរបស់ខ្លួន មិនថាក្នុងវិស័យសិល្បៈ ឬការរស់នៅប្រចាំថ្ងៃ ដរាបណាយើងមានក្តីស្រម៉ៃមានការប្តេជ្ញាចិត្តធ្វើវា នោះយើងនឹងទទួលបានផ្លែផ្កាជាទីគាប់ចិត្តនៅថ្ងៃអនាគត៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024