ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ហង្ស សម្បើមស័ក្ក៖ ពេលវេលាបច្ចុប្បន្នពិបាកសម្ដែងតួយុវវ័យដូចមុន! 

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

 

តារាសម្តែង និងជាពិធីករ លោក ហង្ស សម្បើមស័ក្ក បានលើកឡើងថា ពេលនេះលោកពិបាកលេងតួយុវវ័យបន្តិចហើយ ដោយសារតែអាយុរៀងជ្រេ ដូច្នេះផលិតករឱ្យលេងតែតួមានកូនតូចៗ។


លោក ហង្ស សម្បើមស័ក្ក ជាតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពម្នាក់ ដោយសារតែភាពប៉ិនប្រសប់នៃការសម្ដែងរបស់លោក ដោយកន្លងមកគេតែងឃើញវត្តមានតារាប្រុសរូបនេះក្នុងខ្សែភាពយន្ត និងវីដេអូចម្រៀងល្បីៗជាច្រើន។ 

 

តារាសម្តែងរូបនេះ មិនត្រឹមតែមានពូកែសម្ដែងប៉ុណ្ណោះទេ តែរូបរាង មុខមាត់វិញក៏ស្រស់សង្ហាខ្លាំងមិនធម្មតានោះដែរ ទោះពេលនេះលោកមានវ័យជ្រេបន្តិចហើយក្តី។ឆ្នាំនេះ ហង្ស សម្បើមស័ក្ក នៅតែមានទីផ្សារសិល្បៈខ្ពស់លើការថតភាពយន្ត ប៉ុន្តែលោកខ្លួនឯងដែលមិនព្រមថតរឿងច្រើនដូចមុនឡើយ ដើម្បីទុកពេលមើលថែរបររកស៊ីខ្លះ។

 

 

តារាសម្តែងរូបនេះបន្តថា លោកក៏កំពុងត្រៀមថតខ្សែភាពយន្តថ្មីមួយដែល តែសុំលាក់ចំណងជើងសិន ព្រោះជាគោលការណ៍របស់ផលិតកម្ម។ រឿងថ្មីនេះជាប្រភេទរឿងមនោសញ្ចេតនាស្នេហា ប៉ុន្តែរៀងប្លែកជាងមុនបន្តិច ដោយលោកត្រូវដើរជាមនុស្សមានកលល្បិចច្រើន មិនដូចរឿងមុនៗដែលលោកធ្លាប់តែសម្តែងតែតួស្លូតៗ និងគេធ្វើបាននោះទេ។ 

 

 

ហង្ស សម្បើមស័ក្ក ថា ដោយសារវ័យលោករៀងជ្រេបន្តិចហើយ ដូច្នេះពេលនេះលោកពិបាកលេងតួយុវវ័យណាស់។ បច្ចុប្បន្ន តារាសម្តែង ហង្ស សម្បើមស័ក្ក មានមុខរបរជាច្រើនក្នុងដៃ ហើយថ្មីៗនេះលោកទើបបង្កើតមុខរបរថ្មីមួយទៀត គឺលក់អាហារសុខភាព និងមានលក់ផលិតផលតាមអនឡាញខ្លះៗផងដែរ។

 

 

ថ្មីៗនេះ លោកធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយតុបតែងខ្លួនជាមនុស្សស្រីហើយសម្តែងត្រាប់តាមសម្លេងតួអង្គនៅក្នុងខ្សែភាពយន្តមួយចំនួនក្នុង Tik Tok ដោយលោកសម្តែងត្រាប់តាមបានយ៉ាងល្អឥតខ្ចោះទាំងទឹកមុខ កាយវិការ និងភាពកំប្លុកកំប្លែង ជាហេតុនាំឱ្យអ្នកបានទស្សនាទទូចឱ្យលោកបញ្ចេញវីដេអូបែបនេះបន្ថែមទៀត។

 

 

មែនទែនទៅការដែលលោករៀនលេង Tik Tok គឺដើម្បីប្រូម៉ូតផលិតផលដែលខ្លួនលក់ប៉ុណ្ណោះ តែដោយសារមានការគាំទ្រខ្លាំង ឥឡូវលោកក៏មានទទួលថតរឿងខ្លី ប្រម៉ូតឥវ៉ាន់ ឬផលិតផលផ្សេងៗផងដែរ៕
 
 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025