ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
តារា TikTok ល្បីអាមេរិក JVKE (ជេវីខេអ៊ី) បានបង្ហាញគំនិតវិជ្ជមានលើការប្រើប្រាស់បច្ចេកវិទ្យា ក្នុងបទចម្រៀងថ្មីៗរបស់ខ្លួន ពេលដែលលោកដាក់បង្ហាញបទចម្រៀងថ្មីក្នុងកម្មវិធីធ្វើឡើងនៅទីក្រុងកាន ប្រទេសបារាំង។
តារា TikTok វ័យ២២ឆ្នាំ JVKE បានបង្ហាញចេញបទចម្រៀងថ្មីរបស់ខ្លួនដែលសហការជាមួយក្រុមហ៊ុនការ៉េម Magnum (ម៉េកណាំ) ដោយមានបញ្ចូលសំឡេងពិតប្រាកដនៃព្រះអាទិត្យ ផលិតឡើងដោយប្រើប្រាស់ទិន្នន័យបានមកពីអង្គការណាសា។
បទចម្រៀងមានចំណងជើងថា "Golden Hour" (ហ្គោលដិន អោវើ) តាមពិតទៅជាបទដែល JVKE (ជេវីខេអ៊ី) បានចេញផ្សាយតាំងពីឆ្នាំ២០២២ ប៉ុន្តែត្រូវបានផលិតឡើងវិញដោយមានបន្ថែមសំឡេងនៃព្រះអាទិត្យ។
ចំពោះការប្រើប្រាស់សំឡេងពិសេសនេះ តារាវ័យ២២ឆ្នាំ បានលើកឡើងថារូបគេទទួលស្វាគមន៍ចំពោះគំនិតនៃការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងបទចម្រៀង ជាពិសេសសម្រាប់បទចម្រៀងថ្មីៗរបស់ខ្លួន។
តារា TikTok ដែលមានឈ្មោះពិតថា Jacob Lawson (ជេខប់ ឡស៉ុន) ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ជាពេលដែលរួបគេចាប់ផ្ដើមផលិតវីដេអូចម្រៀងបង្ហោះលើបណ្ដាញសង្គម TikTok ។
បទចម្រៀង "Upside Down" (អាប់សាយ ដោន) របស់ Jacob Lawson (ជេខប់ ឡស៉ុន) បានល្បីកក្រើកក្នុងឆ្នាំ២០២១ ហើយគិតត្រឹមបច្ចុប្បន្ននេះ រូបគេមានអ្នកតាមដានរហូតដល់១១លាននាក់នៅលើបណ្ដាញសង្គម TikTok ៕
ប្រែសម្រួល៖ វ៉ាន់ថន