ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

តារាសម្ដែងជើងចាស់ Arnold ចេញសម្ពោធរឿងភាគទូរទស្សន៍ដំបូងក្នុងជីវិត

២៤ ឧសភា ២០២៣ | កម្សាន្ដ


 

កំពូលតារាសម្ដែងជើងចាស់ Arnold Schwarzenegger (អាណុល ស្វរស៊ីណេហ្គើ) បានចេញសម្ពោធភាពយន្តភាគដំបូងរបស់ខ្លួនមានចំណងជើងថា 'Fubar' (ហ្វូប៉ា) ដែលនឹងចាក់បញ្ចាំងលើសេវាកម្ម Netflix ។


ភាពយន្តភាគ 'Fubar' (ហ្វូប៉ា) ដែលជាភាពយន្តភាគទូរទស្សន៍ដំបូងរបស់តារាសម្ដែង Arnold Schwarzenegger (អាណុល ស្វរស៊ីណេហ្គើ) បានសម្ពោធចាក់បញ្ចាំងនៅទីក្រុងឡូសអេនជេលឡេស ដោយមានការចូលរួមពីតារាសម្ដែង Arnold (អាណុល) ផ្ទាល់ រួមជាមួយតួអង្គសម្ដែងជាច្រើនទៀត។

 

'Fubar' (ហ្វូប៉ា) គឺជាភាពយន្តកំប្លែងបែបស៊ើបអង្កេត ដោយមានតារាសម្ដែង Arnold (អាណុល) វ័យ៧៥ឆ្នាំ សម្ដែងជាតួអង្គឈ្មោះ Luke Brunner (ឡូក ប្រ៊ូនណើ) ជាភ្នាក់ងារស៊ើបអង្កេត CIA (ស៊ីអាយអេ) មួយរូប។

 

 

ក្នុងភាពយន្តនេះ តួអង្គ Luke Brunner (ឡូក ប្រ៊ូនណើ) ត្រូវបំពេញបេសកកម្មចុងក្រោយមួយដើម្បីជួយសង្គ្រោះភ្នាក់ងារម្នាក់ទៀត ដែលភ្នាក់ងារនោះគឺជាកូនស្រីរបស់លោកឈ្មោះថា Emma Brunner (អេមម៉ា ប្រ៊ូនណើ) ដែលសម្ដែងដោយតារាស្រី Monica Barbaro (ម៉ូនីកា បាបារ៉ូ)។

 

 

ការលេចមុខជាលើកដំបូងក្នុងរឿងភាគទូរទស្សន៍នេះ សម្ដែង Arnold (អាណុល) មានអារម្មណ៍ថាតួអង្គ Luke Brunner (ឡូក ប្រ៊ូនណើ) នេះគឺសក្តិសមនឹងលោកបំផុត ដោយហេតុថាកន្លងមកលោកធ្លាប់បានសម្ដែងជាភ្នាក់ងារសម្ងាត់រួចមកហើយ ដូចជាក្នុងភាពយន្ត 'True Lies' (ទ្រូ ឡាយស៍) ជាដើម។

 

តួសម្ដែងដទៃទៀតក្នុងភាពយន្តភាគនេះ មានតារាសម្ដែងប្រុស Milan Carter (មីឡេន ខាតធើ) និងតារាកំប្លែង Fortune Feimster (ហ្វឈូន ហ្វៀមស្ទើ) ដែលសម្ដែងជាភ្នាក់ងារម្នាក់ដែលជិតស្និទ្ធិនឹងតួអង្គ Luke Brunner (ឡូក ប្រ៊ូនណើ) ជាងគេ។ភាពយន្តភាគ 'Fubar' (ហ្វូប៉ា) នឹងត្រូវចាក់បញ្ចាំងលើសេវាកម្ម Netflix ចាប់ពីថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024