ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ពលរដ្ឋក្រុងតូក្យូ និងភ្ញៀវទេសចរបានចេញមកទស្សនាផ្កាសាគូរ៉ារីកយ៉ាងច្រើនកុះករ បន្ទាប់ពីអាជ្ញធរដកចេញនូវបម្រាមរឹតត្បិតពាក់ព័ន្ធជំងឺកូវីដ១៩។
ប្រជាជនទីក្រុងតូក្យូ និងទេសចរបរទេសជាច្រើនបានប្រមូលផ្តុំគ្នានៅឧទ្យាន Ueno (វ៉េណុ) កាលពីថ្ងៃទី២២ ខែមីនា ដើម្បីទស្សនាផ្កាសាគូរ៉ារីក ខណៈដែលទីក្រុងនេះបានលុបចោលការហាមឃាត់ការប្រមូលផ្តុំនៅក្នុងឧទ្យាននៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីផ្ទុះជំងឺរាតត្បាត COVID-19 ។
ភ្ញៀវទេសចរជាច្រើនបានទៅកាន់ឧទ្យាន Ueno (វ៉េណុ) ជាកន្លែងទស្សនាផ្កាសាគូរ៉ាដ៏ពេញនិយមបំផុតមួយរបស់ប្រទេសជប៉ុន ដោយខ្លះបានជួបជុំញ៉ាំអាហារនៅក្រោមដើមឈើ និងថតរូបលេងយ៉ាងសប្បាយរីករាយ។
ពលរដ្ឋមួយចំនួននិយាយថា ក្រៅពីរីករាយនឹងផ្កាសាគូរ៉ា ពួកគេមកសួនច្បារនេះក៏ដើម្បីអបអរជ័យជម្នះបន្ទាប់ពីក្រុមកីឡាបេស្បលរបស់ជប៉ុនបានយកឈ្នះក្រុមអាមេរិក ក្នុងការប្រកួត World Baseball Classic (WBC) កាលពីពេលថ្មីៗនេះដែរ។
ទូរទស្សន៍ជាតិជប៉ុន NHK បានផ្សព្វផ្សាយកាលពីថ្ងៃពុធដោយដកស្រង់របាយការណ៍ពីទីភ្នាក់ងារអាកាសធាតុថា អាកាសធាតុក្តៅបានធ្វើឱ្យផ្កាសាគូរ៉ារីកពេញលេញ ៩ ថ្ងៃលឿនជាងធម្មតានៅក្នុងរដ្ឋធានី និងជាការីកលឿនបំផុតក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក ៕
ប្រែសម្រួល៖ វ៉ាន់ថន