ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤
ផលិតកម្ម LD បានដាក់សម្ពោធបញ្ចាំងស្នាដៃថ្មីរបស់ខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២៣នេះដើម្បីបើកបង្ហាញទំព័រថ្មីក្នុងវិស័យភាពយន្ត ដោយភាពយន្តថ្មីនេះមានចំណងជើងថា « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » ដែលបានផលិតអស់ពេលជិត ៤ ឆ្នាំ ទើបតែដាក់បញ្ចាំងជាផ្លូវការ ។
ទីបំផុតរឿង « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » បានដាក់សម្ពោធបញ្ចាំងជាផ្លូវការហើយ បន្ទាប់ពីរឿងនេះផលិតឡើងតាំងពី ៤ ឆ្នាំមុន ។ ទាំងអ្នកនិពន្ធ និងអ្នកដឹកនាំរឿង បានពួតដៃគ្នាផលិតរឿងនេះឡើងយ៉ាងសម្រិតសម្រាំងបំផុតទំរាំតែសម្រេចបានភាពយន្តដ៏មានគុណភាពមួយនេះ ជាពិសេសនៅក្នុងរឿងនេះបង្កប់ទៅដោយសារអប់រំ ព្រមទាំងបញ្ចូលនូវភាសាកាយវិការដែលជារសជាតិថ្មីមិនធ្លាប់មានពីមុនមក ។ ចំណែក យ៉ារ៉ូ និងកញ្ញា ចិន ចិន ដែលជាតួឯកស្រីប្រុសក្នុងរឿងនេះ ក៏បានលះបង់ខ្លាំងក្នុងការថតរឿងនេះ ។
លោក យ៉ារ៉ូ កញ្ញា ចិន ចិន និងអ្នកនាង ស្វែង សុជាតា គឺជាតួអង្គសំខាន់នៅក្នុងរឿង « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » ។ យ៉ារ៉ូ និងកញ្ញា ចិន ចិន បានរៀបរាប់ប្រាប់ថា រឿងនេះបានថតតាំងពីជិត ៤ ឆ្នាំមុន ប៉ុន្តែសាច់រឿងពិតជាល្អ ថ្មី ប្លែក គួរឱ្យចង់ទស្សនា ។
លោក នួន ប៉ូលីន គឺជាអ្នកនិពន្ធក្នុងរឿង « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » លោកបាននិយាយថា តាមពិតរឿងនេះបានថតតាំងពីជិត ៤ ឆ្នាំមុន ទើបតែសម្រេចយកមកដាក់បញ្ចាំងនៅក្នុងពេលនេះ ។ ទោះបីជាមានការយឺតយ៉ាវក្នុងការដាក់បញ្ចាំងតែលោកនៅតែរំពឹងថា រឿងនេះនឹងទទួលបានការគាំទ្រពីទស្សនិកជន ។ ដោយឡែកលោក អ៊ុន ប៊ុនធឿន ជាអ្នកដឹកនាំសម្តែងផ្ទាល់ក្នុងរឿង « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » លោកបានបញ្ជាក់ប្រាប់ថា ថតរឿងនេះជួបនូវការលំបាកច្រើនជាងថតរឿងមុនៗ ដោយសារក្នុងរឿងនេះមានឈុតឆាកលំបាកៗជាច្រើន ។
« អំណោយស្នេហ៍ ថ្ងៃណាត់ជួប » ក៏មានផ្សារភ្ជាប់ជាមួយនិងភាសា កាយវិការ ដែលជារសជាតិថ្មីមិនធ្លាប់មានពីមុនមក សូម្បីតែលោក យ៉ារ៉ូ និង កញ្ញា ចិន ចិន ដែលជាតួឯកនៅក្នុងរឿងនេះ ក៏ត្រូវរៀន ភាសាមួយនេះដែរជាមួយគ្រូជំនាញៗ នៅពេលចាប់ផ្តើមថត ។ បើតាមគម្រោងរឿង « អំណោយស្នេហ៍ ថ្ងៃណាត់ជួប » នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ប្រសិនបើចង់ដឹងច្បាស់ថា រឿងនេះល្អមើលយ៉ាងណានោះ កុំភ្លេចទៅទស្សនាទាំងអស់គ្នា ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា