ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

តំណាងឱ្យ កម្ពុជា ស្ត្រីខ្មែរ -អាមេរិក Jacqueline Bhagavan បង្ហាញជំនឿចិត្តក្នុងការចូលរួមប្រកួត Mrs. World 2022 

២៩ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

លោកស្រី Jacqueline Bhagavan ស្ត្រីខ្មែរអាមេរិកកាំងតំណាងកម្ពុជា ត្រៀមចូលរួមប្រកួតកម្មវិធី Mrs. World 2022 បង្ហាញជំនឿចិត្តខ្ពស់ក្នុងការចូលរួមប្រកួត នៅទីក្រុង La Vegas សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។


លោកស្រី Jacqueline Bhagavan (ជែកឃ្លីន បាហ្គាវ៉ាន់) ស្ត្រីខ្មែរអាមេរិកកាំង មានប្រវត្តិតស៊ូ និងធ្លាប់គ្រងមកុដ Mrs. California America ឆ្នាំ២០១៥ កំពុងត្រៀមចូលរួមដណ្ដើមមកុដកម្មវិធីលំដាប់អន្តរជាតិ Mrs. World 2022 ដោយលោកស្រីបានបំពាក់ឈៀង និងមកុដជា Mrs. Cambodia World 2022 រួចរាល់ហើយ កាលចុងសប្តាហ៍កន្លងទៅ ខណៈការប្រកួតអន្តរជាតិនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៦-១៧ ខែធ្នូ ២០២២ ខាងមុខនេះ នៅទីក្រុង La Vegas សហរដ្ឋអាមេរិក។

 

លោកស្រី គឺជាស្រី្តីខ្មែរដំបូងគេបង្អស់ដែលនឹងចូលរួមប្រកួតកម្មវិធី Mrs. World 2022 ជាកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំមួយ ដែលផ្តល់អទិភាពឱ្យស្រ្តីមានគ្រួសារហើយចូលរួមប្រកួតប្រជែង។ តួយ៉ាង ដូចលោកស្រីជាដើម ជាស្ត្រីដែលមានគ្រួសារ មានកូនរួមមកហើយ ដោយពេលនេះកូនៗរបស់លោកស្រីក៏មានវ័យជំទង់អស់ហើយដែរ។ បច្ចុប្បន្នលោកស្រីមានវ័យ ៤៩ឆ្នាំ។ 

 

ថ្លែងចំពោះមុខអ្នកសារព័ត៌មានសិល្បៈជាច្រើនស្ថាប័ន ស្ត្រីខ្មែរមានប្រភពពីខេត្តប៉ៃលិនរូបនេះឱ្យដឹងថា គោលបំណងដែលនាងសម្រេចចិត្តចូលរួមប្រកួតនៅក្នុងកម្មវិធី Mrs. World 2022 ព្រោះលោកស្រីចង់បង្ហាញឱ្យពិភពលោកដឹងអំពីវិរៈភាពរបស់ស្ត្រីខ្មែរ ដែលមានថាមពលខ្លាំងក្នុងការធ្វើកិច្ចការជាច្រើន មិនមែនតែលើការថែទាំគ្រួសារតែមួយនោះទេ។

 

 

ក្នុងនោះ លោកស្រីបានចាត់ទុកព្រះនាង ឥន្ទ្រទេវី គឺជានិមិត្តរូប ជាគំរូល្អ ព្រោះព្រះនាងមានស្នាព្រហត្ថជាច្រើនដូចជា បង្កើតសាលារៀន មន្ទីរពេទ្យ និងបង្រៀនអក្សរសាស្ត្រខ្មែរ ជាដើម។ ដូច្នេះទើបអ្នកស្រី ជ្រើសរើសគ្រងឈុតព្រះនាងឥន្ទ្រទេវី ជាឈុតតំណាងជាតិជាឈុត ដែលរចនាម៉ូដដោយសំអាងការ ណុបដាណេ។

 

 

ចំណែក លោក ម៉ែន សីហា ហៅ Oliva Kong អ្នកច្នៃម៉ូដ និងគ្រូបង្ហាត់បង្រៀនដើរម៉ូដដល់ Mrs. Cambodia World 2022 ក៏បានបង្ហាញជំនឿចិត្តចំពោះលោកស្រី Jacqueline ព្រោះលោកមើលឃើញថា លោកស្រីមានលក្ខណៈសម្បិត្តិគ្រប់គ្រាន់ ហើយធ្លាប់មានប្រវត្តិទទួលបានជ័យជម្នះកាលពីឆ្នាំ២០១៥ម្តងរួចមកហើយ ពិសេសជាងនេះគឺលោកស្រីនៅមានសម្រស់ស្រស់ស្អាត ព្រមទាំងមានស្នាដៃក្នុងសង្គមជាតិជាច្រើន រហូតដល់ក្រសួងវប្បធម៌ចាត់ឲ្យស្រីធ្វើជាតំណាងជាតិកម្ពុជា។

 

 

លោកបន្តថា លោកជាអ្នករៀបចំយ៉ាងម៉ត់ចត់ចំពោះការត្រៀមខ្លួនរបស់លោកស្រី Jacqueline ទាំងឈុតតំណាងជាតិ ឈុតរាត្រីស្រមោលស និងការហ្វឹកហាត់ដំណើរជាដើម។ បើទោះបីជាលទ្ធផលយ៉ាងណា ក៏លោកសម្រេចចិត្តទិញសិទ្ធកម្មវិធីប្រកួតសម្រស់ Mrs World មកផលិតឡើងនៅកម្ពុជានៅអំឡុងខែឧសភា ឆ្នាំ២០២៣ ក្នុងបំណងឱ្យលោកស្រី Jaqueline ធ្វើជាគំរូសម្រាប់បេក្ខនារីគ្រប់រូប ដែលនឹងចូលរួមប្រកួត ដើម្បីមានឱកាសបានចេញទៅប្រកួតអន្ដរជាតិសម្រាប់ឆ្នាំខាងមុខៗទៀត។

 

 

កុំភ្លេចចូលរួមតាមដានដំណើរការប្រកួតរបស់ Mrs Cambodia World 2022 ក្នុងការប្រកួតអន្តរជាតិ Mrs. World 2022 ដែលគ្រោងរៀបចំឡើងនៅនៅថ្ងៃទី១៦-១៧ ខែធ្នូ ២០២២ ខាងមុខនេះ នៅទីក្រុង La Vegas សហរដ្ឋអាមេរិក៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024