ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

មិនមែនជាតួល្បីតែ យ៉ាយ៉ា ឆក់បានតំណែងតួឯកស្រីលើកដំបូងក្នុងរឿង « កុំស្លាប់ » ក្នុងតម្លៃខ្លួនខ្ពស់ !

២២ មេសា ២០២៤ | កម្សាន្ដ

 

 

ជាលើកដំបូងហើយដែលតារាស្រី យ៉ាយ៉ា ទទួលបានតំណែងជាតួឯកស្រីនក្នុងវិថីសិល្បៈក្រោយប្រលូក្នុងវិស័យនេះអស់ជាច្រើនឆ្នាំ ។ តាមរយៈស្នាដៃដំបូង យ៉ាយ៉ា ទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា បើទោះបីជានាងមិនមែនជាតារាល្បីឈ្មោះដូចតារាមួយចំនួនក្តី  ។

 

 

« កុំស្លាប់ » គឺជាស្នាដៃថ្មីលើកដំបូងបើកទំព័រថ្មីក្នុងវិថីសិល្បៈរបស់តារាស្រីវ័យក្មេងកញ្ញា យ៉ាយ៉ា ដែលជាក្មេងស្រីធម្មតាម្នាក់បានតស៊ូប្រឹងប្រែងក្នុងវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ដោយស្នាដៃដំបូងនេះនាងទទួលបានតំណែងជាតួឯកស្រី និងតម្លៃខ្លួនខ្ពស់មិនធម្មតា បើប្រៀបធៀបទៅនឹងមិត្តសិល្បកររួមជំនាន់ ចាត់ទុកថា នាងខ្លាំងមិនធម្មតាទេ ។

 

 

កញ្ញា ធ្លាប់លេចមុខក្នុងរឿងអប់រំខ្លីៗក្នុង ហ្វេសប៊ុក និង TikTok ប៉ុណ្ណោះ មហាជនភាគតិចណាស់ដែលបានស្គាល់នាង ។ ដោយឡែកពេលនេះ យ៉ាយ៉ា មានឱកាសបានក្លាយទៅជាតារាសម្តែង និង ជាតួឯកស្រីនៅក្នុងរឿង « កុំស្លាប់ » របស់ផលិតករ ហ៊ុយ យ៉ាឡេង ផងដែរ ។ តាមរយៈស្នាដៃដំបូងនេះ យ៉ាយ៉ា ពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏មិននឹកស្មានថា ខ្លួនមានសំណាងល្អ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសមកសម្តែងក្នុងរឿងនេះដែរ ។  

 

 

កញ្ញា បានទទួលស្គាល់ថា នាងមិនមែនជាតួល្បីមកពីណាឡើយ នាងគ្រាន់តែជាក្មេងស្រីធម្មតាៗម្នាក់ដែលខំប្រឹងផលិតវិដេអូខ្លីៗ ដាក់បង្ហោះលើ ហ្វេសប៊ុក និង TilTok តែប៉ុណ្ណោះ ។ ថ្វីដ្បិតតែពេលនេះនាងទទួលបានតំណែងតួឯកស្រីនៅក្នុងរឿង « កុំស្លាប់ » ក៏ពិតមែនប៉ុន្តែនាងក៏មិនដែលភ្លេចពីកំណើតរបស់ខ្លួនឡើយ ផ្ទុយទៅវិញកាន់តែខំប្រឹងពង្រឹងស្នាដៃក្នុងសិល្បៈឱ្យខ្លាំងក្លាឡើង ដើម្បីបំពេញក្តីស្រមៃខ្លួន ។ អ្វីដែលនាងប្រកាន់ជាប់ខ្លួន គឺនាងមិនមានជំងឺតួឯកឡើយ ។  

 

 

គួរំលឹកផងដែរថា ឆ្នាំនេះកញ្ញា យ៉ាយ៉ា មានវ័យ ២៤ ឆ្នាំហើយ នាងបានប្រលូកក្នុងវិស័យសិល្បៈនៅពេលមានវ័យ ២០ ឆ្នាំ រយៈពេលជាច្រើនឆ្នាំក្នុងសិល្បៈនាងមិនទាន់រឹងមាំនៅឡើយទេ បើប្រៀបធៀបទៅមិត្តរួមជំនាន់ ។ យ៉ាយ៉ា សង្ឃឹមថា តាមរយៈស្នាដៃដំបូងរបស់ខ្លួនក្នុងរឿង « កុំស្លាប់ » នឹងធ្វើឱ្យនាងកាន់តែល្បីល្បាញ និងមានមហាជនស្គាល់កាន់តែច្រើនឡើង ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024