ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
អ្នកច្នៃម៉ូដល្បីឈ្មោះ អូលីវ៉ា គង់ មិនត្រឹមតែកៀរគរសិស្ស និងអាណាព្យាបាលចូលរួមលេងកម្សាន្ត សង្ក្រាន្តវត្តអង្គរខាងជើងប៉ុណ្ណោះទេ ថែមទាំងបានដឹកនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយទៀតផង។
ពុំដែលឱ្យរំលងឱកាសប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរនោះឡើយ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានគៀងគរសិស្សានុសិស្ស និងអាណាព្យាបាលសិស្សជាច្រើនរូបចូលរួមលេងកម្សាន្ត កម្មវិធី «សង្ក្រាន្តវត្តអង្គរខាងជើង» យ៉ាងសប្បាយរីករាយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។
ពិធីសាសនាជាច្រើនត្រូវបានប្រារព្ធឡើងតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងកម្មវិធី «សង្ក្រាន្តវត្តអង្គរខាងជើង» ដោយពុទ្ធសានិកយ៉ាងច្រើនកុះករបានចូលរួមលេងកម្សាន្ត ញ៉ាំងឱ្យពិធីសង្ក្រាន្តនេះរឹតតែអធិកអធមខ្លាំងឡើង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ គឺលោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះ បានរៀបចំឱ្យមានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ បង្ហាញក្នុងកម្មវិធី «សង្ក្រាន្តវត្តអង្គរខាងជើង» ផងដែរ។ ក្នុងនោះ មានតារាម៉ូដែលជាង ២០នាក់ បានចូលរួមដើរម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ រាប់ចាប់តាំងពីម៉ូដែលកុមារដល់តារាម៉ូដែលអាជីព បានស្លៀកពាក់ឈុតប្រពៃណីបុរាណដ៏ស្រស់សោភាបង្ហាញទៅអ្នកចូលរួម។
លើសពីនេះទៅទៀត អ្នកច្នៃម៉ូដ អូលីវ៉ា ក៏បានដឹកនាំអ្នកចូលទាំងអស់លេងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់ បានដកស្រង់ និងមានអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុត ពីចម្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្តនៅក្នុងសាច់រឿង កូរសមុទ្រទឹកដោះ។
អ្នកច្នៃម៉ូដ រូបនេះ រំភើបរកអ្វីថ្លែងពុំបានឡើយ រហូតពោលឡើងថា «ខ្ញុំធ្លាប់តែបានឃើញទិដ្ឋភាពនេះនៅក្នុង AI ប៉ុន្តែឥឡូវនេះខ្ញុំអាចបំពេញ នឹងធ្វើក្ដីសុបិន្តរបស់ខ្ញុំក្លាយជាការពិត»។
មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងប្រទេសបានសម្តែងការគាំទ្រដល់សកម្មភាព និងទង្វើររបស់អ្នកច្នៃម៉ូដ អូលីវ៉ា គង់ ដែលលោកមានសទ្ធាជ្រះថ្លាក្នុងការចូលរួមគៀងគរគរកូនសិស្ស និងអាណាព្យាបាលឱ្យចូលរួមលេងកម្សាន្ត សង្ក្រាន្តវត្តអង្គរខាងជើង ដែលនេះជាចំណែកក្នុងការចូលរួមជួយប្រម៉ូតផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរឱ្យសាយភាយទៅកាន់តែទូលំទូលាយ។ មួយទៀតនោះ ក៏ជាបណ្តុះគំនិតប្អូនកុមារឱ្យចេះស្រលាញ់សិល្បៈវប្បធម៌ខ្មែរ ហើយមានចិត្តចូលរួមផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរឱ្យពិភពលោកស្គាល់កាន់តែច្រើនឡើយ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ និងហ្វេសប៊ុក