ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
បន្ទាប់ពីរៀបការរួចជីវិតរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ចាប់ផ្តើមមានពន្លឺកាន់តែខ្លាំង ក្រោយពីនាងជួបវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលបាត់បង់អ្នកមានគុណទាំងពីរក្នុងពេលតែមួយ ។
តារាចម្រៀង សុវត្ថិឌី ធារិកា ចាប់ផ្តើមសប្បាយចិត្ត និងមានកម្លាំងចិត្តកាន់តែខ្លាំងបន្ទាប់ពីនាងសម្រេចចិត្តរៀបការមានគូស្រករ ហើយក៏មានគម្រោងនឹងយកសមាជិកថ្មីក្នុងពេលឆាប់ៗនេះ ប៉ុន្តែមុននឹងរឹងមាំដូចសព្វថ្ងៃនេះនាងធ្លាប់បានឆ្លងកាត់នូវវិប្បិត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររហូតចង់បញ្ចប់ជីវិតខ្លួនឯងផងដែរ ។
តារាចម្រៀងល្បីឈ្មោះរូបនេះ បានមកចែករំលែកនូវបទពិសោធខ្លះៗក្នុងជីវិតដែលនាងបានជួបប្រទះក្នុងអំឡុងពេលដែលនាងបាត់បង់អ្នកមានគុណទាំងពីរ ដោយសារគ្រោះថ្នាក់ចរាចរ កាលពីប៉ុន្មានឆ្នាំមុន ។ សុវត្ថិឌី ធារិកា បានរៀបរាប់ប្រាប់ថា ទំរាំតែដោះខ្លួនចេញពីជំងឺបាក់ទឹកចិត្តនេះ គឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែកត្តាសំខាន់គឺខ្លួនយើងផ្ទាល់តែម្តង កុំបោះបង់ខ្លួនឯងចោលឱ្យសោះ ។
មកទល់ពេលនេះ សុវត្ថិឌី ធារិកា រៀបការបានជាង ៣ ខែហើយ នាងនិងស្វាមីក៏ចង់មានបំណងចង់បានកូនក្នុងពេលឆាប់ៗដែរ គ្រាន់តែមួយរយៈពេលមុនរវល់កើបលុយពេក មិនហ៊ានសម្រាក់ពីការងារ ។
ក្រៅពីការងារសិល្បៈ សុវត្ថិឌី ធារិកា ក៏បានបើកអាជីវកម្មរកស៊ីតូចតាចមួយដើម្បីបន្ថែមប្រាក់ចំណូលប្រចាំថ្ងៃ ពីព្រោះនាងមិនចង់នៅទំនេរឥតប្រយោជន៍ មិនថាការងារតូចតាចតាមខេត្តក្រុង គឺនាងទទួលធ្វើទាំងអស់ ជាពិសេសការងារជួយសង្គម គឺនាងតែងតែទទួលដោយក្តីរីករាយ សូម្បីតែស្វាមីនាងក៏សប្បាយចិត្ត និងលើកទឹកចិត្តនាងក្នុងការធ្វើការងារនេះដែរ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា