ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូបទៀតហើយ គឺ លីង យ៉ាង យ៉ាង, សំរិទ្ធ ប៉ូទីនដា និង គង់ សោមា កំពុងមានវត្តមានលើទឹកដីប្រទេសម៉ាឡេស៊ី ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ ៣ផ្សេងគ្នា ប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអ្នកទាំង ៣ រំពឹងយ៉ាងមុតមាំថា នឹងដណ្តើមមកុដពីឆាកអន្តរជាតិត្រឡប់មកកម្ពុជាវិញឱ្យបាន។
បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប គឺ លីង យ៉ាង យ៉ាង Mini Miss Global Cambodia 2024 , សំរិទ្ធ ប៉ូទីនដា Little Miss Global Cambodia 2024 និង គង់ សោមា Miss Preteen Global Cambodia 2024 បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីហើយ កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Kids & Teens Pageant Global ដែលម៉ាឡេស៊ីទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។
បវរកញ្ញាវ័យក្មេងពេញដោយសមត្ថភាព និងសម្រស់ទាំង ៣រូប នឹងត្រូវចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ ៣ផ្សេងគ្នា ដែលក្នុងនោះ លីង យ៉ាង យ៉ាង នឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Mini Miss Global 2024 , សំរិទ្ធ ប៉ូទីនដា នឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Little Miss Global 2024 រីឯ គង់ សោមា នឹងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Preteen Global 2024។
ស្ថិតនៅបរិវេនច្រកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញ បេក្ខភាពតំណាងកម្ពុជាទាំង ៣រូប បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងក្លា ការដែលបាននាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើវេទិកាអន្តរ ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា កូនខ្មែរយើងពិតជាមានភាពក្លាហាន ឆ្លាតវ័យ និងមានសម្រស់ស្រស់ស្អាត មិនចាញ់ជាតិសាសន៍ផ្សេងៗនោះឡើយ។
ខណៈកំពុងមានវត្តមានលើទឹកដីប្រទេសម៉ាឡេស៊ីន បវរកញ្ញាវ័យក្មេង លីង យ៉ាង យ៉ាង Mini Miss Global Cambodia 2024 បានប្រាប់ឱ្យដឹងពីការត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតប្រជែងនេះ ហើយនាងតូចជឿជាក់ថា ខ្លួនឯងនឹងដណ្តើមមកុដអន្តរជាតិត្រឡប់មកកម្ពុជាវិញឱ្យបាន។ក្រឡេកទៅមើល សំរិទ្ធ ប៉ូទីនដា និង គង់ សោមា ឯណោះវិញ ក៏មានជំនឿចិត្តខ្ពស់ក្នុងការប្រកួតនេះ ព្រោះបានហ្វឹកហាត់ពង្រឹងសមត្ថភាពយ៉ាងសស្រាក់សស្រាំជាមួយ យ៉ាង យ៉ាង មុនធ្វើដំណើរចេញទៅប្រកួតទាំងអស់គ្នា។
សូមជម្រាបឱ្យដឹងផងដែរថា ការប្រកួត Mini Miss Global 2024 , Little Miss Global 2024 និង Miss Preteen Global 2024 នឹងប្រារព្ធឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។
កុំភ្លេចចូលរួមបោះឆ្នោតគាំទ្របេក្ខភាពតំណាងកម្ពុជាឱ្យបានច្រើនកុះករ ដើម្បីពួកគេអាចមានឱកាសឈានដល់វគ្គ Top ចុងក្រោយនៃការប្រកួតលំដាប់អន្តរជាតិ។សកម្មភាពផ្សេងៗពាក់ព័ន្ធការប្រកួត លោកអ្នកអាចធ្វើការតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញាវ័យក្មេងកម្ពុជា ៣រូប ដោយអ្នកទាំង ៣ នឹងធ្វើការ update សកម្មភាពថ្មីៗឱ្យលោកអ្នកបានឃើញជាប្រចាំ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច