ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ម៉ាកសម្លៀកបំពាក់ Chanel បានបញ្ចេញខូឡិកសិនគម្រប់ខួប ១១០ ឆ្នាំនៃការបើកហាងធំដំបូងរបស់ខ្លួន ជាមួយឆាកដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍សប្ដាហ៍ម៉ូដឈុតប្រណីតក្នុងទីក្រុងប៉ារីសកាលពីពេលថ្មីៗ។
ត្រលប់ទៅឆ្នាំ ១៩១៥ នៅទីក្រុងមាត់សមុទ្រ Biarritz (បៀរីតស៍) ភាគនិរតីនៃប្រទេសបារាំង ស្ត្រីម្នាក់ឈ្មោះ Gabrielle Chanel (ហ្កាប្រ៊ីអ៊េល ឆានេល) បានសម្រេចចិត្តបើកហាងសម្លៀកបំពាក់ Haute Couture (អូត ឃូតឆួ) ដែលជាសម្លៀកបំពាក់បែបប្រណីត មានឈ្មោះថា Chanel និងបានជួលអ្នកកាត់ដេរមានទេពកោសល្យចំនួន ៣០០ នាក់ទៀតមករួមគ្នាដើម្បីបង្កើត Collection ដំបូងរបស់នាង។
មកទល់ពេលនេះ គឺរយៈពេល ១១០ ឆ្នាំហើយចាប់តាំងពីថ្ងៃនោះមក ហើយបើទោះបីជា Gabrielle Chanel លែងមានវត្តមានលើពិភពលោកនេះអស់រយៈពេល ៥៤ ឆ្នាំហើយក៏ដោយ ប៉ុន្តែក្រុមហ៊ុនរបស់អ្នកស្រីនៅតែឈរជើង និងឆ្ពោះទៅមុខដើម្បីបង្កើតក្តីសុបិន ភាពឆើតឆាយ និងសេរីភាពក្នុងការស្លៀកពាក់ដល់អតិថិជនរបស់ខ្លួន។
ចុងក្រោយបំផុតនៅក្នុងកម្មវិធីសប្ដាហ៍ម៉ូដសម្លៀកបំពាក់ haute couture សម្រាប់រដូវផ្ការីកនិងរដូវក្ដៅឆ្នាំ២០២៥ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ ក្រុមអ្នកច្នៃម៉ូដ Creation Studio បានសម្រេចចិត្តប្រារព្ធខួបសម្រាប់ Chanel ក្នុងនាមជាហាងសម្លៀកបំពាក់ប្រណីតដែលដំណើរការយូរជាងគេបំផុតរហូតមកដល់បច្ចុប្បន្ន រួមទាំងលើកយករឿងរ៉ាវរបស់អ្នកស្រី Gabrielle Chanel និងពណ៌ប្រចាំរបស់អ្នកស្រីដូចជាពណ៌ខ្មៅ ពណ៌សាច់ ពណ៌មាស និងពណ៌ក្រហម មករំលេចក្នុង Collection ថ្មីនេះផងដែរ។ ឆាកបង្ហាញម៉ូដក៏ត្រូវបានរចនាយ៉ាងពិសេសប្លែកជារាងអក្សរ C ត្រួតបែរខ្នងត្រួតចូលគ្នាដូចនិមិត្តសញ្ញារបស់ Chanel។
គួរបញ្ជាក់ដែរថា ក្រៅពីការបង្ហាញម៉ូដរបស់ Chanel ព្រឹត្តិការណ៍ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រណីតនៅទីក្រុងប៉ារីស ដែលដំណើរការរហូតដល់ថ្ងៃទី ៣០ ខែមករា ក៏មានការចូលរួមបង្ហាញ Collection ថ្មីៗពីម៉ាកយីហោល្បីៗមួយចំនួនទៀតរួមមាន Dior, Valentino និង Jean Paul Gaultier (ហ្សង់ ផល ហ្កលធ្យេ) ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន