ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

ការប្រគំតន្ត្រីចូលឆ្នាំចិនបំបែកកំណត់ត្រាអ្នកទស្សនាជាមួយការសម្ដែងដ៏អស្ចារ្យ

២៩ មករា ២០២៥ | កម្សាន្ដ

 

កម្មវិធីប្រគំតន្ត្រី Spring Festival Gala ដែលជាការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ក្រុមហ៊ុនទូរទស្សន៍រដ្ឋចិនបានបង្កើតកំណត់ត្រាថ្មីសម្រាប់ចំនួនអ្នកទស្សនាផ្ទាល់ទាំងក្នុងស្រុកនិងទូទាំងពិភពលោកជាមួយការសម្ដែងសិល្បៈចម្រុះដ៏អស្ចារ្យជាច្រើន។
 

 

 

ក្រោមប្រធានបទ "Year of the Snake, Keep Your Spirit Awake" ឬមានន័យជាខេមរៈភាសាថា "ឆ្នាំពស់ សូមឱ្យវិញ្ញាណអ្នករស់រវើក” កម្មវិធីប្រគំតន្ត្រី Spring Festival Gala បានបង្ហាញទស្សនីយភាពសិល្បៈចម្រុះទាំងការច្រៀង ក្បាច់រាំ របាំ ល្ខោនអូប៉េរ៉ា សិល្បៈកំប្លែង សិល្បៈក្បាច់គុន និងការសម្តែងផ្សេងៗជាច្រើនទៀត ជាចំណីចក្ខុដល់ទស្សនិកជនជុំវិញពិភពលោកដែលកំពុងរីករាយក្នុងរដូវកាលចូលឆ្នាំចិន។

 


ចាប់ផ្ដើមចាក់ផ្សាយនៅម៉ោង ៨យប់ថ្ងៃទី២៨ ខែមករា ម៉ោងនៅទីក្រុងប៉េកាំង នៅមុនថ្ងៃចូលឆ្នាំចិន ការសម្តែងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំងជាទីតាំងធំ និងនៅទីលានតូចៗចំនួនបួននៅទូទាំងប្រទេសដូចជាទីក្រុងវូស៊ី (Wuxi) ទីក្រុងអ៊ូហាន (Wuhan) ទីក្រុងឆុងឈីង (Chongqing) និងទីក្រុងឡាសា (Lhasa)។

 


ទិន្នន័យបឋមបានបង្ហាញថាចំនួនអ្នកទស្សនា និងចំនួន Engagement លើបណ្ដាញសង្គមសម្រាប់កម្មវិធីនេះបានបង្កើតកំណត់ត្រាថ្មី ដោយចំនួនអ្នកទស្សនាទាំងពេលផ្សាយផ្ទាល់និងក្រោយផ្សាយផ្ទាល់ឈានដល់ ២៨១៧ លានដង ដែលកើនឡើង ៦៩០ លានធៀបនឹងឆ្នាំមុន។

 


បន្ថែមពីនេះ ការផ្សាយបន្តផ្ទាល់លើអេក្រង់បញ្ឈរទទួលបានអ្នកទស្សនាចំនួន ៤៩៦ លានដង កើនឡើង ១៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលចំនួន Engagement ឬការចូលរួម Like, Comment, Share លើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីកម្មវិធីនេះឈានដល់ ១៦៦០ លានដង ឯការទស្សនាការផ្សាយបន្តផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយទៅក្រៅប្រទេសរបស់ CCTV.com បានឈានដល់ ៧៣ លានដងដែលកើនឡើង ២១ ភាគរយធៀបនឹងកាលពីឆ្នាំមុន។

 


លើសពីនេះ អេក្រង់ LED សាធារណៈសរុបចំនួន ៣៥០០ នៅទីក្រុងចំនួន ១៣៦ ក្នុង ៨៧ ប្រទេសទូទាំងពិភពលោកក៏បានចាក់ផ្សាយ និងផ្សព្វផ្សាយពីកម្មវិធនេះដែរ។

 

 

កម្មវិធីនេះត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៨៣ និងត្រូវបានចាត់ទុកជានិមិត្តសញ្ញាវប្បធម៌ដ៏សំខាន់សម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសចិន ដែលឆ្នាំនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមករា ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025