ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

ផ្កាសំបកពោត និងផ្កាស្លឹកត្នោត ទទួលបានការបញ្ជាទិញច្រើននាឱកាសបុណ្យចូលឆ្នាំចិន

៣១ មករា ២០២៥ | សេដ្ឋកិច្ច

 

ផលិតផលក្នុងស្រុក ផ្កាសំបកពោត និងផ្កាស្លឹកត្នោត ជាស្នាដៃផលិតរបស់អ្នកស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានការគាំទ្រច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម បើធៀបទៅនឹង ២ឆ្នាំមុន។ សំបកពោត ជាសំណល់ដែលគេបោះចោល ឬបងប្អូនកសិករខ្មែរ តែងតែយកទៅឱ្យគោស៊ីតែប៉ុណ្ណោះ ដោយឡែក ហាងផ្កាមួយកន្លែងបានកែច្នៃសំបកពោតចេញជាផ្កាយ៉ាងស្រស់ស្អាត មានទីផ្សារល្អ មានតម្លៃក្លាយជាអំណោយដ៏មានអត្ថន័យសម្រាប់កម្មវិធីតូចធំ និងកំពុងតែមានប្រជាប្រិយភាពគាំទ្រខ្លាំងពីសំណាក់អតិថិជន នោះគឺផ្កាសំបកពោត ឬ យកសំបកពោតកែច្នៃទៅជាផ្កា ហើយផ្កាសំបកពោតនះ មានអតិថិជនគ្រប់វ័យ ជាពិសេសអតិថិជនវ័យកណ្ដាល ដែលពួកគាត់និយមគាំទ្រផលិតផលក្នុងស្រុក។  

 


លោក វង្ស ហិរញ្ញនិយុទ្ធ ជាសហស្ថាបនិកផ្ទះផ្កាខ្មែរ បានឲ្យសេដ្ឋកិច្ច ភីអិនអិនដឹងថា ហាងផ្ការបស់លោក បង្កើតដំបូងនៅឆ្នាំ ២០២១ គឺចាប់ផ្ដើមពីទុនតិចតួចប្រមាណ ១០-២០ ម៉ឺនរៀល មកដល់សព្វថ្ងៃនេះ។ ផ្ទះផ្កាខ្មែរ ដំណើរការបានរយៈពេល ៣មកឆ្នាំហើយ ជាយីហោហាងលក់ផ្កាមួយកន្លែង នៅម្តុំបឹកកេងកង៣ រាជធានីភ្នំពេញ ក្នុងនោះ ផ្កា ដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃ ឲ្យទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ រាងរូវស្អាតមិនចាញ់ផ្កាស្រស់ ថែមទាំងមានអត្ថន័យ និងអាចរក្សាទុកបានយូរ ដោយមិនបារម្ភខ្លាចស្រពោនស្វិតដូចផ្កាស្រស់នោះទេ។ 

 


សហស្ថាបនិកផ្ទះផ្កាខ្មែរ បានបន្តថា រយៈពេល៣ ឆ្នាំមកនេះ ហាងរបស់លោក តែងតែព្យាយាមបញ្ចៀបផ្កាដែលច្នៃចេញពីសំបកពោត និងរុក្ខជាតិក្រៀម ចូលទៅពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដោយលោកកត់សម្គាល់ឃើញថា ផ្កាដែលច្នៃចេញពីស្លឹកពោត ឬសំបកពោតផ្សេងៗ ស្រាប់តែទទួលបានការបញ្ជាទិញច្រើន ពីអតិថិជនដែលជាប់ខ្សែស្រឡាយចិន ឬវៀតណាម នៅក្នុងឆ្នាំ ២០២៥ នេះ។

 

 

លោក បានគូសបញ្ជាក់ថា បើនិយាយពីចំណុចពិសេស របស់ផ្កាពោត គឺជាផ្កាដែលយើងច្នៃដោយដៃផ្ទាល់ ជាមួយវត្ថុធាតុដើមជាកាកសំណល់ពោត ដោយសារយើងយកផ្កាក្រៀមដែលគេបោះចោល សម្បកពោត ផ្កាពោត ស្លឹកចាក ស្លឹកត្នោត និងស្មៅ តែជាប្រភេទស្មៅណា ដែលសំដិលវាឱ្យស្ងួតតែវាមិនរុះរោយនៅតែរក្សាទម្រង់ដើម យកមករៀបផ្គុំជាបាច់ផ្កា កន្ត្រកផ្កា ថូផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ផ្សេងៗ។

 


សហស្ថាបនិកផ្ទះផ្កាខ្មែរ បានលើកឡើងបន្តថា ថ្វីបើអាជីវកម្មរបស់លោក ដែលកែច្នៃផលិតផ្កាពីសំបកពោត ពីស្លឹកត្នោត នៅមិនទាន់ពង្រីកធំ តែលោកយល់ថា បានជួយដល់បរិស្ថានសង្គមក្នុងចំណែក ១ជ្រុងតូចដែរ ចំពោះកាកសំណល់ដែលអាចក្លាយជាសំរាម តែត្រូវយកមកកែច្នៃឱ្យទៅជាវត្ថុមានដែលតម្លៃ និងជាគ្រឿងតាំងលម្អផ្ទះ ក៏ដូចជាគ្រឿងលម្អនៅក្នុងពិធីផ្សេងៗ បានយ៉ាងល្អប្រណីត។ សំបកពោត ដែលគេបោះចោល គឺលោកបានស្នើរសុំពីម្ចាស់ចំការដែលគេដាំពោត ដោយយកតែសំបកពោតណាដែលស្អាតៗ ដឹកពីខេត្តកំពង់ចាម រាប់ពាន់ប៉ាវ ក្នុង១ប៉ាវ មានចំនួន ២០-៣០ គីឡូ យកទៅដាក់ឲ្យអ្នកភូមិចំនួន ១៦គ្រួសារនៅខេត្តតាកែវ ២គ្រួសារនៅត្បូងឃ្មុំ និង ១គ្រួសារ នៅខេត្តកណ្តាល យកធ្វើបន្តទើបផលសម្រេចនាំយកពីខេត្តតាកែវ មកលក់នៅទីក្រុងភ្នំពេញវិញ។ 

 


ជាមួយគ្នានេះ សម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះ មានតម្លៃចាប់ពី ១ថូ ឬ ១កន្ត្រកំ ១៥ដុល្លារ ពោល គឺអាស្រ័យទៅលើម៉ូដផ្កានីមួយៗ បន្ថែមពីលើនេះ ជាសហស្ថាបនិកផ្ទះផ្កាខ្មែរ បានលើកឡើងពី បញ្ហាប្រឈមដែលត្រូវជួបប្រទះធំជាងគេនោះគឺ ការផលិត ដោយសារការធ្វើផ្កាមួយទងៗ ត្រូវការការផ្ចិតផ្ចង់ នៅរដូវភ្លៀងក៏អាចជាបញ្ហាចោទ ផងដែរ ដោយសារ សំបកពោតត្រូវការហាលថ្ងៃ ប្រសិនជាមានភ្លៀងសំបកពោតសើម នោះវាអាចនឹងដុះផ្សិតខូចពុំអាចផលិតបាននោះឡើយ។

 


កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរ ឬពលរដ្ឋចិន-រៀតណាម ងាកមកគាំទ្រផ្កាមួយចំនួន ដែលមានលក់នៅតាមផ្សារ ឬលក់នៅតាមអនឡាយនានា ដោយសារ តែពួកគេចាប់ផ្ដើមឱ្យតម្លៃលើផលិតផលក្នុងស្រុក ជាពិសេស ភាពឆ្នៃប្រឌិត និងស្នាដៃដ៏ផ្ចិតផ្ចង់របស់ពលរដ្ឋខ្មែរ។ លើសពីនេះ ផលិតផលផ្ការបស់ខ្មែរ ទទួលបានការគាំទ្រពីបងប្អូនពលរដ្ឋខ្មែរយ៉ាងច្រើន ដោយសារ ពួកគាត់យល់ឃើញថា ពីដើមមកគឺយើងប្រើប្រាស់ទំនិញនាំចូលស្ទើរតែ ១០០% តែឥឡូវនេះ ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងច្រើន ដូចនេះ ពលរដ្ឋប្តូររបត់មកគាំទ្រផលិតផលក្នុងស្រុក ដែលមានយ៉ាងតិច ២០-៣០% ផងដែរ បើធៀបទៅនឹង ៥ឆ្នាំមុន។ 

 


ទន្ទឹមនឹងនេះ ត្បិតកំណើនអតិថិជន មានការបញ្ជាទិញផ្កាទាំងអស់នេះច្រើន ដែលអាចផ្ដល់ចំណូលដល់ពលរដ្ឋប្រមាណ ៥០គ្រួសារ នៅស្រុកត្រាំកក់ ខេត្តតាកែវ តាមរយៈរបរកាច់ផ្កាចេញពីសំបកពោត និងរុក្ខជាតិសម្ងួតនានា សកម្មភាពទាំងអស់នេះ ពិតជាបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុក ឲ្យពួកគាត់មានការងារធ្វើ និងមិនទៅធ្វើការចំណាក់ស្រុកឆ្ងាយពីស្រុកកំណើននោះឡើយ។ 

 

 

សូមជម្រាបថា យុវជនខ្មែរអាចកែច្នៃឬស្សី និងសំបកពោតធ្វើជាផ្កា ផ្កាស្មៅ ផ្កាពោត សំបកឈូកជាដើម អាចទាញចំណូលក្នុង១ខែ រាប់ម៉ឺនដុល្លាជាង ថែមទាំងបានបង្កើតឱកាសការងារ ជួយទៅដល់អ្នកភូមិជាកសិករ នៅតាមខេត្តមួយចំនួន ដែលធ្វើឲ្យពួកគាត់មានចំណូលបន្ថែមក្រៅ ពីការងារជាកសិករ ម៉្យាងទៀត ប្រជាពលរដ្ឋ ឬបងប្អូនខ្មែរបានយល់ដឹងច្រើន ក៏ដូចជាគាំទ្រនូវផលិតផលក្នុងស្រុកធ្វើដោយដៃ ជាពិសេស គឺជាផលិតផលបរិស្ថានច្នៃចេញពីសំណល់សំរាម ដែលអាចរក្សាទុកបានយូរ និងស្រស់ស្អាតមិនចាញ់ផ្កានាំចូល ឬផ្កាប្លាស្ទិកនោះទេ៕


 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025