ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Alibaba Cloud (Singapore) បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាជំហានយ៉ាងសំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងឆ្លុះបញ្ចាំងពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងអាជីវកម្មតាមគ្រួសារខ្នាតតូច។
ជាក់ស្តែង អនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) មានគោលបំណងចម្បងសំខាន់ចំនួន ២ រួមមាន៖ (១). ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល៖ ការតភ្ជាប់នេះនឹងបង្កើតជាឱកាសធុរកិច្ចធំធេងសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលមានចំណាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងអនុញ្ញាតឱ្យពួកគេពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្មខ្លួន ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ ទីផ្សារថ្មីៗ។
ទី (២). ការបង្កើនអានុភាពជូនដល់អាជីវករ និងផលិតករកម្ពុជា៖ គោលគំនិតស្នូលនេះ នឹងអាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក ជាពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត នឹងមានឱកាសស្មើៗគ្នាក្នុងការតាំងបង្ហាញ ដាក់លក់ផលិតផល និងទេពកោសល្យរបស់ខ្លួនទៅកាន់អតិថិជននៅក្នុងស្រុក និងអភិវឌ្ឍនអាជីវកម្មខ្លួនទៅកាន់ទូទាំងពិភពលោក។
សូមជម្រាបថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមថ្នាលឌីជីថល បានផ្តល់នូវកាលានុវត្តភាពធំធេងសម្រាប់ធុរកិច្ចក្នុងការពង្រឹង និងចាប់យកឱកាសទីផ្សារបន្ថែម ពីលើទីផ្សាររូបវ័ន្តជាលក្ខណៈប្រពៃណី និងអាចចូលរួមបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ