ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ បានព្យាករថា សេដ្ឋកិច្ចរបស់វៀតណាម អាចកើនឡើងដល់ ៦,៥% នៅឆ្នាំ ២០២៥នេះ លឿនជាងគេនៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ ហៅកាត់ថា AMRO បានព្យាករថា សេដ្ឋកិច្ចរបស់វៀតណាម អាចកើនឡើងដល់ ៦,៥% នៅឆ្នាំ ២០២៥នេះ ជាសេដ្ឋកិច្ចលូតលាស់លឿនជាងគេនៅក្នុងតំបន់អាស៊ាន ហើយការព្យាករនេះ ស្របគ្នាទៅនឹងគោលដៅរបស់រដ្ឋាភិបាលវៀតណាម ដែលកំណត់ចាប់ពី ៦,៥% ដល់ ៨% សម្រាប់ឆ្នាំ ២០២៥នេះ។
ប្រធានក្រុមឃ្លាំមើលប្រចាំតំបន់របស់ AMRO បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានគាំទ្រដោយ ការអនុវត្តការនាំចេញដ៏រឹងមាំរបស់ខ្លួន និងគោលនយោបាយសេដ្ឋកិច្ចសកម្ម។
ការនាំចេញគឺជាកត្តាជំរុញកំណើនដ៏សំខាន់ ដោយវៀតណាមបានប្រើប្រាស់ទំនាក់ទំនងពាណិជ្ជកម្មចម្រុះរបស់ខ្លួន និងទីផ្សារការងារប្រកួតប្រជែង។លើសពីនេះ ការវិនិយោគលើការផលិតបច្ចេកវិទ្យាខ្ពស់ និងឌីជីថលនីយកម្មបានជំរុញផលិតភាព និងតម្លៃ ដែលធានាឱ្យវៀតណាម នៅតែមានការប្រកួតប្រជែង ចំពេលមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
នៅឆ្នាំ ២០២៤ ការនាំចេញរបស់ប្រទេសវៀតណាម បានកើនឡើង ១៤% ដល់ ៤០៥ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១៦% ដល់ ៣៨០ពាន់លានដុល្លារ។សូមជម្រាបថា ការព្យាករណ៍កំណើន ៦,៥% របស់វៀតណាម គឺលើសពីមធ្យមភាគក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីការងើបឡើងវិញពីជំងឺរាតត្បាត ជាក់ស្តែងសេដ្ឋកិច្ចវៀតណាម រំពឹងថា នឹងខ្លាំងជាងប្រទេសក្នុងតំបន់ ដូចជាហ្វីលីពីន ៦,៣% ឥណ្ឌូនេស៊ី ៥,១% និងថៃ ៣,១%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ