ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រសួងការងារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័ត» តាមប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាចំនួន ១០០បញ្ជរ នឹងត្រូវបានប្រគល់ជូនដល់សាកលវិទ្យាល័យ វិទ្យាស្ថាន គ្រឹះស្ថានបណ្តុះបណ្តាល ផ្សារទំនើប ហាងកាហ្វេ និងក្រុមហ៊ុនឯកជន ដែលផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ការងារទាំងក្នុងស្រុក និងក្រៅស្រុក។ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា សម្រាប់សាធារណជនដែលមានបំណងស្វែងរកការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត» ដែលមានឱកាសខ្ពស់ទទួលបានការងារ និងត្រឹមត្រូវតាមច្បាប់។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតឱ្យមាន «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាពេលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានកាន់តែចូលជិតបំផុតទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ វិស័យឯកជន និងតាមទីកន្លែងប្រមូលផ្តុំសាធារណៈ សំដៅលើកកម្ពស់ការកសាងពលរដ្ឋឌីជីថល និងការផ្តល់សេវាកម្ម និងព័ត៌មានសំខាន់ៗផ្លូវការ អាចទុកចិត្តបាន និងទាន់ពេលវេលាជូនដល់សាធារណជនគ្រប់រូបបានដឹង បានយល់ បានជ្រាប បានត្រៀមខ្លួន និងចាប់យកឱកាសភ្លាមៗ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរយៈបញ្ជរសេវាសាធារណៈចល័តនេះ ពិភពការងារ និងការបណ្ដុះបណ្ដាល ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺស្ថិតនៅក្នុងដៃរបស់សាធារណជនទាំងអស់ មានន័យថា សាធារណជន ជាពិសេសយុវជន ដែលមានបំណងស្វែងរកការងារធ្វើទាំងក្នុង និងក្រៅប្រទេស អាចប្រើប្រាស់សេវានេះឲ្យបានទូលំទូលាយ តាមរយៈបញ្ជរសេវាសាធារណៈចល័ត នៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ជាដើម។
ជាមួយគ្នានេះ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់សាធារណៈជននៅដើមឆ្នាំ ២០២៥នេះ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ+ក្រសួងការងារ