ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងចំណាយប្រាក់ច្រើនជាង ៥០០ពាន់លានដុល្លារ វិនិយោគនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំខាងមុខ និងជួលបុគ្គលិកចំនួន ២ម៉ឺននាក់ បន្ទាប់ពី ប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញក្រុមហ៊ុនអាមេរិកឱ្យផ្លាស់ប្តូររោងចក្រមកផលិតក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសពីការប្តេជ្ញាចិត្តចំណាយដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ជាមួយនឹងផែនការចំណាយ និងវិនិយោគច្រើនជាង ៥០០ពាន់លានដុល្លារនៅ សហរដ្ឋអាមេរិកក្នុងរយៈពេល ៤ឆ្នាំខាងមុខ។លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានថ្លែងថា ក្រុមហ៊ុន មានសុទិដ្ឋិនិយមចំពោះអនាគតនៃការច្នៃប្រឌិតរបស់អាមេរិក ហើយមានមោទនភាពក្នុងការកសាងលើ ការវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានរយៈពេលយូរ។
តួលេខនេះ រួមបញ្ចូលអ្វីៗគ្រប់យ៉ាង ចាប់ពីការទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក រហូតដល់ការថតកម្មវិធីទូរទស្សន៍ និងភាពយន្តនៅសហរដ្ឋអាមេរិកសម្រាប់សេវាកម្ម Apple TV+ របស់ខ្លួន។លើសពីនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួននឹងជួលបុគ្គលិកប្រហែល ២ម៉ឺននាក់ផងដែរ ដែលភាគច្រើនផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការអភិវឌ្ឍន៍កម្មវិធី និង AI ជាដើម។សូមជម្រាបថា សេចក្តីប្រកាសខាងលើនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា ក្រុមហ៊ុន Apple គ្រោងនឹងវិនិយោគ រាប់រយពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ