ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

សមាជិកណាតូមួយចំនួននឹងបង្កើនចំណាយលើវិស័យការពារជាតិតាមការអំពាវនាវរបស់លោក ត្រាំ

២៦ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះនឹងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់២.៥%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០២៧ ហើយគ្រោងនឹងបង្កើនដល់៣%ក្នុងរយៈពេលវែងជាងនេះទៀតដោយកាត់បន្ថយថវិកាអភិវឌ្ឍន៍ក្រៅប្រទេសរបស់ខ្លួន។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិរបស់អង់គ្លេសនេះបានធ្វើឡើងមុនពេលនាយករដ្ឋមន្ត្រីអង់គ្លេសលោក កៀ ស្តាម័រ (Keir Starmer) គ្រោងនឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិកដើម្បីជួបលោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយពីលោក ត្រាំ បានអំពាវនាវជារឿយៗឱ្យសមាជិកណាតូត្រូវចំណាយប្រាក់បន្ថែមទៀតលើវិស័យការពារជាតិ។

 

 

ក្រៅពីអង់គ្លេស កាលពីសប្ដាហ៍មុនប្រទេសដាណឺម៉ាកក៏បាននិយាយដែរថា ខ្លួននឹងបង្កើនថវិកាយោធាសរុបជិត៧ពាន់លានដុល្លារនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដើម្បីដោះស្រាយការខ្វះខាតយ៉ាងខ្លាំងជាពិសេសនៅក្នុងប្រព័ន្ធការពារមីស៊ីលដែលបាញ់ពីដីទៅអាកាសតែម្ដង។

 

 

ទន្ទឹមនឹងនេះសមាជិកគណៈរដ្ឋមន្ត្រីប៉ូឡូញមួយចំនួនបាននិយាយថា វិស័យការពារជាតិគឺជាអាទិភាពចំណាយសម្រាប់ប្រទេសប៉ូឡូញ ហើយប្រទេសនេះអាចប្រើប្រាស់មូលនិធិស្ដារឡើងវិញរបស់សហភាពអឺរ៉ុបដើម្បីជំរុញឧស្សាហកម្មអាវុធរបស់ខ្លួន។

 

 

សង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យប្រទេសជិតខាងគឺប៉ូឡូញធ្វើទំនើបកម្មកងទ័ពរបស់ខ្លួន និងជំរុញការទិញអាវុធបន្ថែមទៀតដោយប្រទេសនេះបានលៃទុកថវិកាជិត៥%នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការចំណាយលើវិស័យការពារជាតិនៅឆ្នាំ២០២៥ ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងអង្គការណាតូ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025