ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
វៀតណាម នឹងដាក់ពន្ធប្រឆាំងការបង្ខូចថ្លៃជាបណ្តោះអាសន្នរហូតដល់ទៅ ២៧% លើផលិតផលដែកមួយចំនួនពី ប្រទេសចិន ហើយការអនុវត្ត នឹងចាប់ផ្តើមពីដើមខែមីនា ឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ក្រសួងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ពន្ធលើផលិតផលដែករមូរក្តៅរបស់ចិន រំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី ៨ ខែមីនា ហើយនឹងប្រព្រឹត្តទៅរយៈពេល ១២០ថ្ងៃ។
យ៉ាងណាក៏ដោយ ផលិតផលដែករមូរក្តៅពីប្រទេសឥណ្ឌា នឹងមិនប្រឈមមុខនឹងពន្ធប្រឆាំងការបង្ខូចថ្លៃឡើយ។ជាក់ស្តែង វៀតណាម បានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ ក្នុងខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីមានការត្អូញត្អែរពីផលិតករវៀតណាម។
រដ្ឋាភិបាលបាននិយាយថា ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំមុន វៀតណាមបាននាំចូលដែករមូរក្តៅជិត ៩លានតោន ក្នុងនោះ ៧២% មានប្រភពមកពីប្រទេសចិន។ទិន្នន័យគយវៀតណាម បង្ហាញថា តម្លៃសរុបនៃដែកថែប និងរ៉ែដែក និងផលិតផលដែក ដែកដែលនាំចូលពីប្រទេសចិន កាលពីឆ្នាំមុន មានជិត ១២ ពាន់លានដុល្លារ។
លើសពីនេះ អ្នកវិភាគបានបញ្ជាក់ថា ពន្ធចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលដំឡើងលើដែកថែប និងអាលុយមីញ៉ូម នឹងប៉ះពាល់ដល់អ្នកផលិតដែកវៀតណាម ហើយក៏មានផលប៉ះពាល់ដោយប្រយោលដល់ អ្នកនាំចេញនៃឧស្សាហកម្មផ្សេងទៀតផងដែរ។ សូមជម្រាបថា វៀតណាម បាននាំចេញទំនិញសរុប ១១២ពាន់លានដុល្លារ និងនាំចូល ១០ ពាន់លានដុល្លារពី សហរដ្ឋអាមេរិក កាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ