ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍នៅខេត្តសៀមរាប នាពេលបច្ចុប្បន្នកំពុងតែមានស្ថានភាពល្អប្រសើរ ហើយមានភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្ត នៅលើទឹកដីអង្គរជារៀងរាល់ថ្ងៃ។
នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ភ្ញៀវទេសចរសព្វថ្ងៃ អញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាបយ៉ាងច្រើនកុះករ ខណៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងនេះ ដោយសារកម្ពុជាមាននូវសុខសន្តិភាព។
សម្តេចមហាបវរធិបតី បានបន្ដថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី កំពុងប្រែក្លាយរដូវដែលមានភ្ញៀវតិច (Low season) ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវទេសចរច្រើនដូច High season ក្នុងនោះ សម្ដេច ក៏បានចូលរួមអបអរសាទរ ជាមួយអ្នកខេត្តសៀមរាប ដែលទទទួលបានភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ។
បន្ថែមពីលើនេះ សម្ដេចមហាបវរធិបតី បានកោតសរសើរដល់សមត្ថកិច្ចខេត្តសៀមរាប ដែលរក្សាបាននូវសន្តិសុខបានយ៉ាងល្អប្រសើរ និងធ្វើឱ្យខេត្តមានអនាម័យ មានសណ្តាប់ធ្នាប់ល្អ ផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរដែលមកដើរកម្សាន្តជាពិសេស មានភាពរួសរាយរាក់ទាក់ ភាពកក់ក្តៅរបស់ប្រជាជនពលរដ្ឋកម្ពុជា ក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដូច្នេះហើយយើងត្រូវរួមគ្នាផ្សព្វផ្សាយចំណុចល្អរបស់យើងឱ្យបានច្រើន និងបង្កើតផលិតផលទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យអ្នកមកពិត មកម្តងហើយ ចង់មកម្តងទៀត។
ទន្ទឹមនឹងនេះ ការកើនឡើងនៃភ្ញៀវទេសចរណ៍នេះ ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានអំពាវនាវឲ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរចំពោះភ្ញៀវ មិនមែនត្រឹមតែរាជរដ្ឋាភិបាល និងវិស័យឯកជននោះឡើយ ព្រោះទាំងនេះជាកិត្តិយសរបស់ប្រទេស នឹងអាចបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនាកម្ពុជា ក៏ដូចជាខេត្តសៀមរាបផងដែរ។ លើសពីនេះ ភ្ញៀវទេសចរណ៍បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ ២០២៤ ដោយសារតែការដាក់ចេញគោលនយោបាយទេសចរណ៍មួយចំនួន របស់រដ្ឋាភិបាលដើម្បីទាក់ទាញទេសចរអន្តរជាតិ និងការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន។
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៦,៧លាននាក់ ក្នុងនោះខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិប្រមាណជាង ១លាននាក់ ទទួលបានចំណូលប្រមាណ ៤៧ លានដុល្លារអាមេរិក កើនជាង ២៨% បើធៀបនឹងឆ្នាំ២០២៣។
ដោយឡែក ក្នុងខែដំបូងនៃឆ្នាំ ២០២៥នេះ ភ្ញៀវទេសចរដែលបានទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស មានចំនួន ១៤ម៉ឺននាក់ កើនឡើង ២៦% និងទទួលបានចំណូល ៦លាន៩សែន ដុល្លារអាមេរិក កើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ