ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

ថ្នាក់ដឹកនាំធនាគារជាតិ បកស្រាយលើ កំណើនអតិផរណា ក្នុងខែមករា ឆ្នាំនេះ

២៦ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជា បានបកស្រាយអំពី កំណើនអតិផរណា ៦% ក្នុងខែមករា ឆ្នាំ២០២៥នេះ ដែលតួលេខនេះ ហាក់មានកម្រិតខ្ពស់ បើធៀបនឹង អតិផរណាជាមធ្យមម្រិតត្រឹម ០,៨% នាឆ្នាំ២០២៤។

 

 

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានពន្យល់ថា កំណើនអតិផរណា ៦% ក្នុងខែមករា ឆ្នាំ ២០២៥នេះ គឺជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀបនឹងខែមករា ឆ្នាំ២០២៤ សូមកុំមានការយល់ច្រឡំថា ធៀបនឹង ខែធ្នូ ឆ្នាំ ២០២៤។ជាក់ស្តែង ចំពោះអត្រាអតិផរណខែមករា ឆ្នាំ ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ ២០២៤ មានកម្រិតត្រឹម ០,៣% ប៉ុណ្ណោះ។

 


ដោយឡែក តួលេខកំណើនអតិផរណា ៦% ក្នុងខែមករានេះ គឺខ្ពស់ ដោយសារកាលពីខែមករា ឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញ មានកម្រិតអវិជ្ជមាន ដក ០,៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ដែលបណ្តាលឱ្យ យើងឃើញតួលេខនេះខ្ពស់។

 


លោកជំទាវបណ្ឌិត បន្តថា អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ។ នាចុងខែមករាឆ្នាំ ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួន ឡើងថ្លៃ (បន្លែកើន ១៥% ផ្លែឈើកើន ១២% ថ្លៃត្រីរស់ធម្មជាតិកើន ៦% និងថ្លៃសាច់ជ្រូកកើន ៥%) ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅ កើនឡើង ៧,៨%។

 


ដោយឡែក ពាក្យថា សន្ទស្សន៍ គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណា ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦% ចំពោះគ្រប់ទំនិញនោះទេ។

 


លើសពីនេះ ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ដូច្នេះ អត្រាអតិផរណា គឺជាសូចនាករមួយ ដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្រប ដើម្បីរក្សាអំណាចទិញរបស់ប្រជាជន។

 


សូមរម្លឹកថា នាឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា អតិផរណាជាមធ្យមមានកម្រិតត្រឹម ០,៨% នាឆ្នាំ២០២៤ ហើយអត្រាអតិផរណាទាបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025