ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

មេដឹកនាំថៃ ប្ដេជ្ញាចិត្តថានឹងសហការជាប្រទេសក្បែរខាងដើម្បីបង្ក្រាបអ្នកឆបោកតាមប្រព័ន្ធទូរគមនាគមន៍

២៦ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលប្រទេសថៃបានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃអង្គារដើម្បីពិភាក្សាបន្ថែមទៀតអំពីវិធានការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនេះ លោកស្រី ផេថងថាង បាននិយាយថា រដ្ឋាភិបាលថៃបាននិងកំពុងយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍យ៉ាងខ្លាំង ហើយថា រដ្ឋាភិបាលថៃបានបង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបែបនេះ និងបានធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យរាប់រយនាក់។

 

 

 

លោកស្រីបានបន្ថែមថា ប្រទេសថៃនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាជាមួយប្រទេសចិន និង   មីយ៉ាន់ម៉ា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍ ហើយថា អង្គភាពរដ្ឋាភិបាលថៃជាច្រើនកំពុងសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីកាត់ផ្តាច់ទំនាក់ទំនងគួរឱ្យសង្ស័យ និងរលកសញ្ញាបណ្តាញនៅតាមតំបន់ព្រំដែន។

 

 

 

លោកស្រីក៏បានបញ្ជាក់ម្តងទៀតថា ឧក្រិដ្ឋកម្មឆបោកតាមទូរគមនាគមន៍មិនទាន់ចប់នៅឡើយទេ ហើយប្រទេសថៃត្រូវតែគិតគូរអំពីបញ្ហានេះឱ្យបានហ្មត់ចត់ ហើយមិនថាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ឬការដោះស្រាយបញ្ហាអ្វីនោះទេ គឺថាពេលនេះប្រទេសថៃបានទទួលមតិកែលម្អពីប្រទេសជាច្រើន។

 

 

លោកស្រី ផេថងថាន ក៏បាននិយាយដែរថា លោកស្រីនឹងចុះទៅពិនិត្យមើលស្ថានភាពនៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជានៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីវាយតម្លៃអំពីស្ថានភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញប្រតិបត្តិការរួមគ្នាប្រឆាំងនឹងអ្នកបោកប្រាស់ទាំងនេះ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025