ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបុរសអ្នកបើកបររថយន្តដឹកទំនិញអាយុ៧៤ឆ្នាំដែលនៅជាប់នៅក្នុងរណ្តៅផ្លូវបាក់ស្រុតនៅប្រទេសជប៉ុន បានឈានចូលដល់ថ្ងៃទី៤នៅថ្ងៃសុក្រ(៣១មករា)នេះ ខណៈស្ថានភាពក្រោមដីកាន់តែអាក្រក់ទៅនោះ បានបង្កភាពស្មុគស្មាញចំពោះប្រតិបត្តិការសង្គ្រោះ។
ហេតុការណ៍គ្រោះថ្នាក់នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជននៅទូទាំងប្រទេសជប៉ុន ចាប់តាំងពីកើតមានហេតុការណ៍ផ្លូវបាក់ស្រុតនៅទីក្រុងYashio ខេត្តSaitama ភាគឦសានទីក្រុងតូក្យូ អំឡុងពេលធ្វើដំណើរដ៏មមាញឹកនៅព្រឹកថ្ងៃអង្គារ។
រណ្តៅផ្លូវបាក់ស្រុត មានទំហំ១០ម៉ែត្រ និងជម្រៅ៥ម៉ែត្រ ប៉ុន្តែក្រោយមកទំហំរណ្តៅបានធំឡើងទ្វេរឡើងបន្ទាប់ពីមានបាក់រណ្តៅ១ទៀតនៅក្បែរនោះ។
បុរសជាអ្នកបើកបររថយន្តដឹកទំនិញបានឆ្លើយតបជាលើកចុងក្រោយទៅកាន់ក្រុមអ្នកជួយសង្គ្រោះនៅរសៀលថ្ងៃអង្គារ។ នេះបើតាមការឱ្យដឹងរបស់អាជ្ញាធរជប៉ុន។ ទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ក្រោយរថយន្តកាន់តែកប់ជ្រៅទៅក្រោមដីនិងសំណល់បែកបាក់។ យោងសារព័ត៌មានជប៉ុនNHK។
ដីនៅខាងក្រោម កាន់តែស្រុតចុះទៅ នាំការរំខានដល់កិច្ចការសង្គ្រោះ។
អាជ្ញាធរព្យាយាមសង្គ្រោះអ្នកបើកបរ ដោយប្រើហ្គ្រែនស្ទូចរថយន្តឡើង ប៉ុន្តែយកបានតែគ្រោងរថយន្ត មិនអាចយកកាប៊ីនរថយន្តឡើងមកបាន ដែលគេជឿថាអ្នកបើកបរជាប់នៅក្នុងនោះ។ អាជ្ញាធរ បានប្រើប្រាស់ដ្រូន ទៅក្នុងរណ្តៅពិនិត្យមើលក្រុមសង្គ្រោះអាចឡើងចុះទៅបានឬអត់ ប៉ុន្តែមិនជោគជ័យ។
អាជ្ញាធរប្រព័ន្ធលូខេត្តSaitamaលើកឡើងថា បញ្ហាដីច្រោះរិចរិល ប្រហែលដោយសារអាស៊ីតខ្លាំងឆ្លងកាត់ប្រព័ន្ធលូជាប់ជាប្រចាំ ដែលអាចបង្កើតប្រហោងនៅលើបំពង់ទឹកសំអុយ ធ្វើឱ្យដីនៅខាងលើធ្លាក់ចុះមក ហើយបង្កើតបានជាចន្លោះប្រហោងដ៏ធំរវាងប្រព័ន្ធលូ និងផ្លូវ។
សម្រាប់ការត្រួតពិនិត្យប្រព័ន្ធលូលើកចុងក្រោយដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង រកមិនឃើញបញ្ហាអ្វីឡើយ។
ប្រជាជនប្រហែល១,២លាននាក់ ត្រូវបានស្នើឱ្យ កាត់បន្ថយការងូតទឹក និងបោកសម្លៀកបំពាក់ដើម្បីបញ្ជៀសការលេចធ្លាយទឹកសំអុយ ដែលនឹងធ្វើឱ្យកិច្ចប្រឹងប្រែងជួយសង្គ្រោះកាន់តែពិបាក។
ក្រសួងដឹកជញ្ជូន ហេដ្ឋរចនាសម្ព័ន្ធ និងដី បានបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធលូទូទាំងប្រទេស។
ភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់របស់ប្រទេសជប៉ុន បានសាងសង់ឡើងអំឡុងពេលកំនើនសេដ្ឋកិច្ចឆាប់រហ័សនៅអំឡុងទសវត្សឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ ប្រព័ន្ធលូនៅទីក្រុងYashiro មានអាយុកាលប្រហែល៤០ឆ្នាំ។
ប្រែសម្រួល៖ណាវ័ន្ត