ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
មនុស្សយ៉ាងតិច៣០នាក់ស្លាប់ និងច្រើននាក់រងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅពិធីបុណ្យសាសនាហិណ្ឌូ Maha Kumbh ដែលជាពិធីបុណ្យ មានការជួបជុំគ្នាដ៏ធំបំផុតនៅក្នុងពិភពលោកនៅថ្ងៃពុធ នៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមការឱ្យដឹងពីប៉ូលីសឥណ្ឌា។
ប៉ូលីសឥណ្ឌា បន្តឱ្យដឹងថា មនុស្ស៦០នាក់ផ្សេងទៀតរងរបួស នឹងបញ្ជូនទៅមន្ទីរពេទ្យ។
ព្រឹត្តិការណ៍នៅថ្ងៃពុធ ជាថ្ងៃដ៏គួរឱ្យខ្លាចបំផុតនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូដែលមានរយៈពេល៦សប្តាហ៍ ហើយអាជ្ញាធររំពឹងថា មនុស្សដល់ទៅ១០០លាននាក់ នឹងចូលរួមនៅក្នុងពិធីបុណ្យមុជទឹកនេះ។ ប្រជាជនកាន់សាសនាហិណ្ឌូជឿថា ការងូតទឹកនៅទន្លេដ៏ពិសិដ្ឋអាចជួយសម្អាតពួកគេពីអំពើបាបអតីតកាល និងបញ្ចប់ការចាប់បដិសន្ធិជាថ្មី។
ហេតុការណ៍រត់ជាន់គ្នា បានកើតឡើងនៅពេលអ្នកធ្វើធម្មយាត្រា ព្យាយាមផ្លោះរំលងរបាំង នៅក្នុងពិធីបុណ្យ បង្កភាពចលាចលធ្វើឱ្យអ្នកចូលរួមរាប់លាននាក់ផ្អើលរត់ជាន់គ្នាតែម្ដង។ យោងអាជ្ញាធររដ្ឋUttar Pradesh។
មន្ត្រីមូលដ្ឋានថ្លែងថាសំណាងល្អដែលហេតុការណ៍ប្រជ្រៀតគ្នា និងជាន់គ្នានេះមិនសូវមានសភាពធ្ងន់ធ្ងរ។ បើមិនដូច្នេះ ចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះឆ្ងាយណាស់។
ប្រែសម្រួល៖ណាវ័ន្ត