ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

ថៃ ដាក់គោលដៅនាំចេញអង្ករ ៧,៥លានតោន ក្នុងឆ្នាំ២០២៥

៣០ មករា ២០២៥ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្មថៃ បានដាក់គោលដៅនាំចេញអង្ករជាង ៧,៥លានតោន ក្នុងឆ្នាំ ២០២៥ខាងមុខ ដែលតួលេខនេះថយចុះ ២៤% ធៀបនឹងគោលដៅ ១០លានតោន ដែលបានកំណត់សម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះដោយសារព័ត៌មានក្នុងស្រុកថៃ។

 

 

ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការព្យាករណ៍ទាបនេះ គឺដោយសារតែការបន្តការនាំចេញពីប្រទេសឥណ្ឌា និងការផ្គត់ផ្គង់ប្រសើរឡើងពី អ្នកផលិតអង្ករផ្សេងទៀត។

 


បន្ថែមលើនេះ លក្ខខណ្ឌគ្រោះរាំងស្ងួតថយចុះ បាននិងកំពុងជួយដល់ ទិន្នផលស្រូវអង្ករ ឱ្យកើនឡើង ហើយអ្នកនាំចូលសំខាន់ៗដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រហែលជាមានតម្រូវការតិចជាងមុន។

 


ប្រទេសថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា បាននាំចេញអង្ករចំនួនជិត ១០លានតោនក្នុងឆ្នាំ ២០២៤ ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។បរិមាណនាំចេញអង្ករ បានធ្លាក់ចុះ ៧% ក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន ប៉ុន្តែបានកើនឡើង ១៣% ដល់ជិត ១០លានតោន ក្នុងឆ្នាំ ២០២៤ទាំងមូល។

 


សូមជម្រាបថា ទីផ្សារនាំចេញសំខាន់ៗរួមមាន ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង អាមេរិក និងហ្វីលីពីន ហើយ ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងនៅឆ្នាំក្រោយ ដោយសារតែឥណ្ឌា បន្តការនាំចេញអង្ករ ស ឡើងវិញ ហើយប្រទេសឥណ្ឌា មានសមត្ថភាពផលិតអង្ករយ៉ាងសំខាន់ និងកម្រិតស្តុកខ្ពស់ បន្ទាប់ពីការហាមឃាត់ការនាំចេញបណ្តោះអាសន្នរបស់ខ្លួន។


ជាចុងក្រោយ ផលិតកម្មស្រូវពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយផ្អែកលើ លក្ខខណ្ឌគ្រោះរាំងស្ងួតថយចុះ និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ កាន់តែប្រសើរឡើង ធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក៕

 


អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025