ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

ថៃ រំពឹងស្វាគមន៍ក្រុមហ៊ុនចុះបញ្ជីថ្មីលើស ៩ម៉ឺន ក្នុងឆ្នាំនេះ

២៨ មករា ២០២៥ | សេដ្ឋកិច្ច

 

នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ បានលើកឡើងថា ចំនួននៃអាជីវកម្មដែលបានចុះបញ្ជីថ្មី អាចនឹងកើនឡើងចន្លោះពី ២ ទៅ ៤% ដល់ជាង ៩ម៉ឺនក្រុមហ៊ុន នៅឆ្នាំនេះ។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 


ប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ គូសបញ្ជាក់ថា ទោះបីជាមានកំណើនដែលរំពឹងទុកក៏ដោយ មានកត្តាជាច្រើន ដែលអាចមានឥទ្ធិពលលើការចុះបញ្ជីអាជីវកម្មថ្មី រួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក សង្គ្រាមពាណិជ្ជកម្ម និងឥទ្ធិពលសក្តានុពលនៃគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលកត្តាទាំងអស់នេះ អាចបង្កើនការព្រួយបារម្ភសម្រាប់អ្នកវិនិយោគ និងអ្នកដែលចង់បង្កើតអាជីវកម្មថ្មី។

 


ដោយឡែក នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មថៃ នឹងផ្តោតលើការជំរុញការអភិវឌ្ឍន៍អាជីវកម្មតាមរយៈបច្ចេកវិទ្យាទំនើប ខណៈ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មឌីជីថល ត្រូវបានដាក់ឱ្យដំណើរការនៅពាក់កណ្តាលខែនេះ ហើយប្រព័ន្ធចុះឈ្មោះតាមអ៊ីនធឺណិតសម្រាប់សមាគមពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម គ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

 


ស្ថិតិរួមសម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម និងការបិទអាជីវកម្មនៅឆ្នាំ ២០២៤ នៅតែល្អ ដែលជំរុញដោយកត្តាដូចជាការងើបឡើងវិញនៃ ឧស្សាហកម្មទេសចរណ៍ក្នុងរដូវកាលខ្ពស់ និងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិបានរួមចំណែកដល់អត្រាការងារកាន់តែខ្ពស់។

 


គួរជម្រាបថា ការចុះបញ្ជីអាជីវកម្មថ្មីក្នុងឆ្នាំ ២០២៤ បានកើនឡើង ២% ដល់ ៨ម៉ឺន ៧ពាន់ក្រុមហ៊ុន ខណៈដែលដើមទុនចុះបញ្ជីសរុប បានធ្លាក់ចុះ ៤៩% មកនៅជាង ៨ពាន់ ៤រយលានដុល្លារអាមេរិក។សម្រាប់ ប្រភេទអាជីវកម្មដែលទើបចុះបញ្ជីថ្មីកំពូលទាំង ៣ គឺ សំណង់អគារទូទៅ, អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងភោជនីយដ្ឋាន៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025