ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
សមាជិកក្រុមចម្រៀង BLACKPINK, ROSÉ បានជាប់ជាតារាខេប៉ុបមានប្រជាប្រិយភាពបំផុតប្រចាំខែមករា ឆ្នាំ២០២៥ តាមរយៈភាពជោគជ័យយ៉ាងលើសលប់នៃអាល់ប៊ុមទោលរបស់នាង។
វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបានបង្ហាញលទ្ធផលចំណាត់ថ្នាក់សម្រាប់តារា K-pop ដែលពេញនិយមបំផុតក្នុងខែមករា ឆ្នាំ ២០២៥ ផ្អែកតាមការបូកសរុបពិន្ទុទិន្នន័យប្រជាប្រិយភាពរបស់តារាចម្រៀងខេប៉ុបចំនួន ១៧៣០ នាក់ គិតចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២៨ ខែមករា។
សម្រាប់ខែនេះ ROSÉ (រ៉ូសេ) បានគ្រងតំណែងជាអាយដលខេប៉ុបពេញនិយមបំផុតជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៨,៦ លានពិន្ទុ ក្នុងខែកន្លងមកដោយសរុបទាំងពិន្ទុពីការបង្ហាញមុខលើប្រព័ន្ធផ្សព្វផ្សាយ ពិន្ទុពីសកម្មភាពចូលរួម ពិន្ទុផ្នែកទំនាក់ទំនង និងពិន្ទុផ្នែកសហគមន៍អ្នកគាំទ្រ។
ភាពជោគជ័យនៃអាល់ប៊ុមទោលដំបូងមានចំណងជើងថា ROSIE (រ៉ូស៊ី) ដែលមានបទល្បីជាច្រើនដូចជា APT., Toxic Till The End និង Number One Girl បាននាំឱ្យ ROSÉ មានឱកាសឡើងសម្តែងលើឆាកតន្ត្រីពិភពលោកជាច្រើន ហើយក៏បានបង្ហាញមុខក្នុងកម្មវិធី Variety យ៉ាងច្រើនដែរ ទាំងក្នុង និងក្រៅប្រទេសកូរ៉េ។ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ នាងទើបតែបានទៅសម្តែងនៅឯកម្មវិធី Le Gala des Pieces Jaunes (ឡឺ ហ្កាឡា ដេស ភីស៊ី ហ្សូន) ក្នុងទីក្រុងប៉ារីស។
ចុះមកចំណាត់ថ្នាក់លេខ២ ក្នុងខែមករានេះ គឺបានទៅលើ KARINA សមាជិកក្រុមនារី aespa ជាមួយសន្ទស្សន៍ប្រជាប្រិយភាពសរុប ៦,៣ លានពិន្ទុ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើតារាប្រុស Cha Eun Woo (ឆា អឹនអ៊ូ) សមាជិកក្រុម ASTRO (អាស្ត្រូ) ដែលទទួលបាន ៦,២ លានពិន្ទុ។ ក្រៅពីនេះ ចំណាត់ថ្នាក់លេខ ៤ បានទៅលើតារាស្រី Wonyoung (វ៉ុនយ៉ុង) មកពីក្រុម IVE (អាយហ្វ៍) និងលេខ ៥ បានទៅលើ G-Dragon ក្រុម BIGBANG ៕
ប្រែសម្រួល៖ វ៉ាន់ថន