ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ខណៈបុណ្យចូលឆ្នាំចិនឆ្នាំម្សាញ់ជិតចូលមកដល់ ហាងមួយកន្លែងនៅតៃវ៉ាន់បានបើកឱ្យភ្ញៀវចូលទស្សនានិងលេងជាមួយសត្វពស់តាមចិត្តពេលមកផឹកកាហ្វេ ដោយសង្ឃឹមថានឹងអាចកាត់បន្ថយការរើសអើងចំពោះសត្វល្មូនប្រភេទនេះ។
សត្វពស់មានកេរ្តិ៍ឈ្មោះចម្រុះនៅក្នុងវប្បធម៌ប្រពៃណីរបស់តៃវ៉ាន់ និងចិន ដោយជានិមិត្តរូបនៃអំពើល្អផង និងអាក្រក់ផង។ ជនជាតិដើមភាគតិចតៃវ៉ាន់ខ្លះគោរពសត្វពស់ជាវិញ្ញាណដូនតាក៏មាន។
មុនថ្ងៃបុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ ទី២៩ មករា នៅជុំវិញតៃវ៉ាន់ត្រូវបានតុបតែងដោយរូបពស់ជាច្រើន ហើយទន្ទឹមនោះម្ចាស់ហាងសត្វចិញ្ចឹម Taipei Pythonism ដែលបានបើកដំណើរការតាំងពីឆ្នាំ២០១៧ ក៏បានផ្ដល់ឱកាសពិសេសឱ្យអ្នកស្រលាញ់សត្វមកបង្កើនទំនាក់ទំនងជាមួយពស់ ដោយគ្រាន់តែទិញកាហ្វេមួយពែង។
លោក Luo Chih-yu (លូ ឈីយូ) ដែលជាម្ចាស់ហាងបានឱ្យដឹងថាលោកចង់ផ្តល់កន្លែងមួយសម្រាប់គ្រប់គ្នាបានយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ជាមួយសត្វពស់ មុននឹងគិតថាពួកវាសុទ្ធតែជាសត្វគួរឱ្យខ្លាច។
អ្នករស់នៅក្រុងតៃប៉ិម្នាក់ដែលបាននាំកូនស្រីមកមើលសត្វពស់ក្នុងហាងនេះកាលពីថ្ងៃទី២៣ ខែមករា បាននិយាយថា សកម្មភាពនេះធ្វើឱ្យកូនស្រីរបស់លោកអាចរៀនពីសត្វតូចៗនិងចាប់ផ្ដើមស្រលាញ់ពួកវាជាងមុន។
ជាតំបន់ត្រូពិច និងសម្បូរភ្នំ តៃវ៉ាន់ត្រូវបានគេស្គាល់ថាជាជម្រកសត្វពស់ប្រមាណ ៦០ ប្រភេទ ប៉ុន្តែមានប្រភេទតិចតួចប៉ុណ្ណោះជាប្រភេទពស់ពិសដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ៕
ប្រែសម្រួល៖ វ៉ាន់ថន