ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ការបំភ្លឺគោមអបអរចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅកន្លែងជាច្រើននៅទូទាំងប្រទេសចិន នាំមកនូវទិដ្ឋភាពដ៏ទាក់ភ្នែកសម្រាប់ភ្ញៀវទេសចរ។
នៅខេត្តក្វាងចូវ ពិធីបុណ្យពិព័រណ៍ចង្កៀងគោម Greater Bay ឆ្នាំ ២០២៥ បានចាប់ផ្ដើមប្រារព្ធឡើងជាមួយការបំភ្លឺភ្លើងពណ៌ចិញ្ចែញចិញ្ចាចនៅក្នុងស្រុកណានសា ចាប់ពីថ្ងៃទី ២២ ខែមករា។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាផ្ទាល់ និងតាមអ៊ីនធឺណិតរាប់លាននាក់ តាមរយៈទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនៃការបំភ្លឺចង្កៀងគោមមួយម៉ឺនគ្រាប់ពេលរាត្រី។
ពិធីបុណ្យនេះមានតំបន់សំខាន់ៗចំនួនបី និងមានប្រធានបទសំខាន់ៗចំនួនប្រាំ ក៏ដូចជាការដំឡើងចង្កៀងជារូបផ្សេងៗចំនួន ២១៨ ចង្កៀងដែលជាស្នាដៃរបស់សិប្បករបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១ ពាន់នាក់។ ក្នុងចំណោមនោះក៏រួមបញ្ចូលនិមិត្តរូបផ្សេងៗនៃវប្បធម៌ទីក្រុង Greater Bay និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។
ក្រៅពីពិធីបុណ្យនេះក៏មានការតាំងបង្ហាញចង្កៀងគោមសម្រាប់ចូលឆ្នាំចិននៅតំបន់ផ្សេងៗទៀតជាច្រើននៃប្រទេសចិន។ ជាក់ស្ដែង នៅភ្នំ Yantai (យ៉ានតាយ) ក្នុងទីក្រុង Fuzhou (ហ្វូចូវ) ការដំឡើងរូបភាពសិល្បៈ Outdoor ជាមួយសកម្មភាព "គូររូបពស់ដើម្បីបន្ថែមពរជ័យ" បានទាក់ទាញអ្នកទស្សនាជាច្រើន បង្កើតបានជាបរិយាកាសឆ្នាំថ្មីដ៏រឹងមាំ។
សួនឧទ្យាន Yuyuan (អ៊ូយ៉ន់) នៃទីក្រុងសៀងហៃត្រូវបានបំភ្លឺដោយចង្កៀងចម្រុះពណ៌ចាប់ពីថ្ងៃទី២៣ ខែមករា មុនថ្ងៃបុណ្យចូលឆ្នាំថ្មី។ ចង្កៀងពស់ដ៏ធំមួយត្រូវបានដាក់តាំងនៅទីលានធំដើម្បីអបអរឆ្នាំថ្មីឆ្នាំម្សាញ់ដែលឈានចូលមកដល់នៅថ្ងៃទី២៩ ខែមករា ខណៈចង្កៀងរូបផ្កា មេអំបៅ និងសត្វក្នុងទេវកថាជាច្រើនត្រូវបានតុបតែងនៅជុំវិញ។
ភ្ញៀវទេសចរជាច្រើនបានរីករាយនឹងបរិយាកាសពិធីបុណ្យ ខណៈអ្នកខ្លះបានស្លៀកសម្លៀកបំពពាក់បែបប្រពៃណីចិន។ ការតាំងបង្ហាញចង្កៀងគោមនៅទីក្រុងសៀងហៃនេះនឹងបន្តរហូតដលថ្ងៃទី១២ ខែកុម្ភៈ ៕
ប្រែសម្រួល៖ វ៉ាន់ថន