ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

បុរសជនជាតិអេស្តូនីម្នាក់មានភាពក្លាហានអាចដើរនៅខ្សែពួរនៅចន្លោះអគារនៅទីក្រុងឌុយបៃ

២៧ មករា ២០២៥ | កម្សាន្ដ

បុរសជនជាតិអេស្តូនីម្នាក់បានបង្ហាញសមត្ថភាពដ៏អស្ចារ្យបំផុតជាមួយនឹងការដើរនៅលើខ្សែពួរក្នុងលំហអាកាសដែលចងភ្ជាប់ពីអគារមួយទៅអគារមួយទៀតនៅក្នុងទីក្រុងឌុយបៃប្រទេសអារ៉ាប់រួម។

 


ម្ចាស់ជើងឯកពិភពលោកបីសម័យកាលលោក យ៉ាន រូស (Jaan Roose) ជនជាតិអេស្តូនីកាលពីពេល  ថ្មីៗនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យដោយគាត់អាចបញ្ចប់ការដើរលើខ្សែពួរដែលបានចងយ៉ាងខ្ពស់នៅចន្លោះអគារជូម៉េរ៉ាអេមីរ៉ាតថៅវើ (Jumeirah Emirates Towers) ក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម។

 


អត្តពលិកអាយុ៣២ឆ្នាំរូបនេះបានដើរលើខ្សែពួរចម្ងាយ១០០ម៉ែត្រនៅរយៈកម្ពស់ពីដី២២៤ម៉ែត្រដែលគេបានចងភ្ជាប់នៅចន្លោះអគារនិមិត្តរូបនៅទីក្រុងឌូបៃ ប៉ុន្តែទោះជាមានសេចក្ដីក្លាហានយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រើខ្សែសុវត្ថិភាពបំពាក់ជាប់នឹងខ្លួនដើម្បីការពារពីការធ្លាក់ផងដែរ។

 


ការសម្តែងរបស់លោក រូស នេះបានបង្ហាញពីការចាប់ផ្តើមនៃជុំទី៣នៃកិច្ចប្រជុំកំពូល 1 Billion Followers Summit ជាព្រឹត្តិការណ៍មួយដែលប្រមូលផ្តុំទៅដោយអ្នកមានឥទ្ធិពលទូទាំងពិភពលោកចំនួន១៥០០០នាក់ និងអ្នកបង្កើតខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

 


លោក រូស បានរៀបរាប់អំពីការសម្ដែងនេះថា បញ្ហាប្រឈមចម្បងនៃការដើរនៅលើខ្សែពួរខ្ពស់បែបនេះគឺការប្រើបច្ចេកទេសក្នុងការរក្សាតុល្យភាពលំនឹងឱ្យបានស្នើគ្នា។

 

 

ប្រសិនបើមិនមានបច្ចេកទេសនេះទេ វាច្បាស់ជាធ្លាក់ចុះពីលើខ្សែពួរនេះមិនខានឡើយព្រោះនៅពេលកំពុងដើរលើខ្សែពួរ វាត្រូវប្រឈមនឹងខ្យល់បក់ធ្វើឱ្យញ័រខ្សែជាមិនខានឡើយ ហើយគាត់ក៏មានការភ័យខ្លាចធ្លាក់ដែរ ប៉ុន្តែគាត់ខំប្រឹងទប់អារម្មណ៍ និងផ្ចង់ស្មារតីឱ្យរឹងមាំបោះជំហានទៅមុខមួយៗរហូតដល់គោលដៅកំណត់៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025