ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

គ្រោងដាក់លក់វីយូឡុងរបស់លោកស្ត្រាឌីវ៉ារី (Stradivari) តម្លៃអាចចន្លោះពី១២-១៨លានដុល្លារ

២៧ មករា ២០២៥ | កម្សាន្ដ

វីយូឡុងមួយគ្រឿងដែលផលិតឡើងដោយស្នាដៃជនជាតិអ៊ីតាលីដ៏ល្បីម្នាក់គឺលោកអង់តូនីញ៉ូ.ស្ត្រាឌីវ៉ារី (Antonio Stradivari) កាលពីអំឡុងសតវត្សទី១៨នោះនឹងត្រូវគេយកដាក់លក់ដេញថ្លៃនៅខែកុម្ភៈខាងមុខនេះ។

 


គេរំពឹងថាវីយូឡុងនេះអាចនឹងលក់បានតម្លៃរហូតដល់ទៅ១៨លានដុល្លារឯណោះ។ សាលាបង្រៀនបទភ្លេងដឹញូ.អ៊ីងលេន.ខន់សឺវេតថឺរី (The New England Conservatory) ជាអ្នកដាក់លក់វីយូឡុងឈ្មោះចៅឈីម.ម៉ាស្ត្រាឌីវ៉ារៀស (Joachim-Ma Stradivarius) ដើម្បីយកថវិកាមកឧបត្ថម្ភនិស្សិតអាហារូបករណ៍ និងដើម្បីបំពេញក្ដីបំណងរបស់តន្ត្រីកររបស់សាលានេះដែលបានផ្ដល់វីយូឡុងជាអំណោយសម្រាប់សាលា។

 

 

ក្រុមហ៊ុនសូតថឺប៊ី (Sotherby’s) ជាអ្នករ៉ាប់រងដាក់លក់ដេញថ្លៃនៅថ្ងៃទី៧ ខែកុម្ភៈនៅទីក្រុងញូយ៉ក។ លោកស្រីហេឡេណា.ញូមេន (Helena Newman) ជាអ្នកគ្រប់គ្រងប្រចាំទ្វីបអឺរ៉ុបថ្លែងថាវីយូឡុងមួយគ្រឿងនេះប្រៀបបាននឹងរូបគំនូរដ៏ល្បីរបស់ពីកាសូ។ យើងប៉ាន់ស្មានថាវីយូឡុងនេះអាចនឹងលក់បានចន្លោះពី១២ទៅ១៨លានដុល្លារដែលជាតម្លៃដ៏ខ្ពស់បំផុត។ វីយូឡុងដែលផលិតដោយលោកស្ត្រាឌីវ៉ារីលក់ក្នុង១គ្រឿងៗខ្ទង់លានដុល្លារដោយសារស្នាដៃច្នៃប្រឌិត និងសម្រិតសម្រាំងដ៏ល្អឯក។

 

 

កាលពីឆ្នាំ២០១១ វីយូឡុងរបស់លោកឈ្មោះឡេឌី.ប្លាន់ (Lady Blunt) ដែលផលិតឡើងកាលពីឆ្នាំ១៧២១លក់បាន១៥,៩លានដុល្លារ។ ម្ចាស់វីយូឡុងនេះឈ្មោះចូសេហ្វ.ចៅឈីម (Joseph Jaochim)។

 

 

គាត់ជាតន្ត្រីករខាងកូតវីយូឡុង និងជាដៃគូប្រគំបទភ្លេងដ៏ជិតស្និទ្ធជាមួយលោកចូហាន់ប្រាម (Johannes Brahms)។ វីយូឡុងនេះនឹងត្រូវគេយកទៅដាក់តាំងបង្ហាញនៅទីក្រុងហុងកុង និងញូយ៉កមុនពេលប្រកាសដាក់លក់ជាផ្លូវការ៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025