ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥
សមាជិកក្រុម BLACKPINK, Jisoo បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្រុមហ៊ុនចម្រៀងអាមេរិក Warner Records និងត្រៀមវិលត្រលប់មកវិញជាមួយអាល់ប៊ុមទោលក្នុងខែកុម្ភៈខាងមុខនេះ។
កាលពីថ្ងៃទី ២៨ ខែមករា ក្រុមហ៊ុន Warner Records បានប្រកាសជាផ្លូវការថា Jisoo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខ្លួនហើយសម្រាប់ការងារផ្សព្វផ្សាយចម្រៀងទោលរបស់នាងលើទីផ្សារអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន Jisoo បានបង្ហាញពីក្តីរំភើប ចំពោះការប្រកាសអំពីកិច្ចសហការនេះ ព្រមទាំងបានអរគុណដល់ BLINKs ដែលជាអ្នកគាំទ្រ BLACKPINK ជុំវិញពិភពលោកសម្រាប់ក្ដីស្រលាញ់និងការគាំទ្ររហូតមក។
ទន្ទឹមនោះដែរ លោក Aaron Bay-Schuck (អារ៉ន បេស្ហ័ក) សហប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Warner Records ក៏បានចែករំលែកថា លោកមិនឆ្ងល់ទេថាហេតុអ្វី Jisoo គឺជាតារាដ៏ល្បីបំផុតមួយក្នុងពិភពលោក ហើយអាជីពទោលរបស់នាងនឹងកាន់តែមានឥទ្ធិពល។
ទាំងថាមពល ក្ដីស្រលាញ់ និងសិល្បៈដែល Jisoo បានរួមបញ្ចូលក្នុងតន្ត្រីរបស់នាងបានធ្វើឱ្យចម្រៀងរបស់នាងកាន់តែអស្ចារ្យមួយកម្រិតទៀត។ លោករួមជាមួយនឹងក្រុមទាំងមូលមានសេចក្តីរំភើបរីករាយក្នុងការចូលរួមជាមួយ JISOO នៅពេលដែលនាងបន្តបង្កើតប្រវត្តិសាស្ត្រ និងលើកទឹកចិត្តមនុស្សរាប់លាននាក់ជុំវិញពិភពលោក។
មិនតែប៉ុណ្ណោះ Jisoo ក៏បានប្រកាសផងដែរអំពីអាល់ប៊ុមទោលថ្មីរបស់នាងមានចំណងជើងថា "AMORTAGE" (អឹម័រថេក) ដែលត្រៀមចេញជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភៈ ជាស្នាដៃចម្រៀងដំបូងរបស់នាងដែលចេញផ្សាយតាមរយៈក្រុមហ៊ុន Warner Records ។
អាល់ប៊ុមថ្មីនេះដែរនឹងជាការវិលត្រលប់មកឆាកតន្ត្រីវិញលើកដំបូងក្នុងរយៈពេលពីរឆ្នាំរបស់ Jisoo បន្ទាប់ពីបានចេញបទទោលដំបូង “Flower” កាលពីខែមីនា ឆ្នាំ២០២៣។ ក្រៅពីត្រៀមបញ្ចេញស្នាដៃចម្រៀង តារាស្រីវ័យ ៣០ឆ្នាំរូបនេះក៏ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តភាគ Zombie ថ្មីមួយមានចំណងជើងថា “Newtopia” ដែលនឹងចាប់ផ្ដើមចាក់ផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ៕
ប្រែសម្រួល៖ វ៉ាន់ថន