ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥

គូស្នេហ៍ភេទដូចគ្នា ២៧៩២ គូនាំគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ទូទាំងប្រទេសថៃ

២៤ មករា ២០២៥ | កម្សាន្ដ

 

គូស្នេហ៍ភេទដូចគ្នាជិត ២៨០០ គូនាំគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ទូទាំងប្រទេសថៃក្នុងថ្ងៃដំបូងដែលប្រទេសនេះចាប់ផ្ដើមអនុវត្តច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្នេហ៍ LGBTQ+។

 


ប្រទេសថៃបានបោះជំហានថ្មីដ៏ធំមួយទៀតកាលពីថ្ងៃទី២៣ ខែមករា ដោយបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលអនុញ្ញាតឱ្យគូស្នេហ៍ស្រលាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ស្របច្បាប់។ ផ្អែកតាមរបាយការណ៍ពីក្រសួងមហាផ្ទៃថៃ ក្នុងថ្ងៃដំបូងនេះមានគូស្នេហ៍ភេទដូចគ្នាចំនួន ២៧៩២ គូបានចុះសំបុត្រអាពាហ៍ពិពាហ៍ទូទាំងប្រទេស។

 


អ្នកនាង Ploynaplus Chirasukon (ផ្លយណាផ្លាស់ ឈីរ៉ាស៊ុឃុន) ដែលបានមកចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃនោះបានបង្ហាញអារម្មណ៍រីករាយ ដែលទីបំផុតច្បាប់បានទទួលស្គាល់ស្នេហារបស់ខ្លួន ធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចទទួលបានអត្ថប្រយោជន៍ និងការការពារក្នុងនាមជាប្ដីប្រពន្ធដូចគ្នាស្នេហ៍ភេទផ្ទុយគ្នាដែរ។

 


បើវិភាគតាមបែបប្រជាសាស្ត្រ សាស្ត្រាចារ្យបណ្ឌិត ភឿងសំរ៉ាន់ នាយករងផ្នែកទំនាក់ទំនងអន្តរជាតិ និងសាជីវកម្មពីសាកលវិទ្យាល័យ Mahidol មើលឃើញថាច្បាប់អាពាហ៍ពិពាហ៍មិនប្រកាន់ភេទនេះ អាចជាកត្តាមួយក្នុងការលើកទឹកចិត្តដល់គូស្នេហ៍ LGBTQ ឱ្យចូលមករស់នៅប្រទេសថៃកាន់តែច្រើន ព្រោះកន្លងមក គូស្នេហ៍ភេទដូចគ្នាជនជាតិថៃជាច្រើន ត្រូវទៅចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅក្រៅប្រទេស។ និន្នាការធ្វើមាតុភូមិនិវត្តនឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ច ហើយក្នុងពេលតែមួយក៏ជាសក្តានុពលជំរុញទឹកចិត្តក្រុមអ្នកស្រលាញ់ភេទដូចគ្នាឱ្យបន្តរស់នៅប្រទេសថៃផងដែរ។

 


ប្រធានសហជីពអ្នកស្រលាញ់ភេទដូចគ្នា Bangkok Pride អ្នកស្រី Adcharaporn (អាតឆារ៉ាផន) បានឱ្យដឹងថាច្បាប់ថ្មីនេះគឺជាសញ្ញានៃការផ្លាស់ប្ដូរដ៏ធំក្នុងប្រទេសថៃ ខណៈបានស្នើឱ្យ Guinness World Records ទទួលស្គាល់ថាប្រទេសថៃមានការចុះឈ្មោះអាពាហ៍ពិពាហ៍ភេទដូចគ្នាច្រើនជាងគេបំផុតក្នុងពិភពលោកក្នុងរយៈពេលតែមួយថ្ងៃផងដែរ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025