ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

ជោគជ័យខ្លាំងលើកទី១ ល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » នឹងរៀបចំសម្តែងជាថ្មីទៀតអមដោយទស្សនីយភាពកាន់តែប្លែក និងចាប់អារម្មណ៍!

៣១ មករា ២០២៥ | កម្សាន្ដ

 

ល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនរហូតមានការសំណូមពរឱ្យរៀបចំការសម្តែងរឿងនេះជាលើកទី២ជាបន្តទៀត ។ ដោយសារមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » នឹងវិលត្រឡប់មកជួបទស្សនិកសារជាថ្មីម្តងទៀននៅក្នុងពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០២៥ នេះជាដំណឹងល្អសម្រាប់មហាជនមួយចំនួនដែលខកខានមិនបានទស្សនាការសម្តែងនេះនាពេលកន្លងមក ។ 

 

 

ល្ខោនបាមោជ្ជទ័យដែលបានបាត់បង់អស់ពេលជាង២០ឆ្នាំមកនេះ ពេលនេះកំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អាមរ្មណ៍ខ្លាំងណាស់បន្ទាប់ពីក្រសួងបានតម្លើងល្ខោននេះសារជាថ្មីម្តងទៀតកាលពីពេលអំឡុងខែមករាកន្លងមកនេះ ដោយសារការសម្តែងរបស់សិល្បករសិល្បការិនីនៅក្នុងរឿងនេះពិតជាអស្ចារ្យ ពោរពេញទៅសមត្ថភាព និងបច្ចេកទេសខ្ពស់ ដែលអាចទាក់ចិត្តអ្នកទស្សនាបាន ។

 

 

 អ្វីដែលពិសេសនោះគឺថ្មីៗនេះ នាយកដ្ឋានសិល្បៈទស្សនីយភាព បានប្រកាសថា « សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដោយសារមានការសំណូមពរពីទស្សនិកជនដែលមិនទាន់បានទស្សនាល្ខោនបាមោជ្ជទ័យរឿង « កុលាបបៃលិន » នាយកដ្ឋានសិល្បៈទស្សនីយភាព នឹងរៀបចំការសម្តែងនេះឡើងវិញរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃតី ១៦ ខែកុម្ភះឆ្នាំ២០២៥ » ។ 

 

 

កញ្ញា កែវ សុផានិត ដែលជាតួឯកស្រីនៅក្នុងការសម្តែងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » បានសម្តែងនូវការត្រេអរថា នាងពិតជារីករាយណាស់នៅពេលដែលរឿង « កុលាបប៉ៃលិន » ត្រូវបានប្រកាសសម្តែងជាលើកទី២ទៅតាមការសំណូមពររបស់មហាជន ទោះបីជាជួបនូវការលំបាកជាច្រើនក្នុងការសម្តែងរឿងនេះ ក្នុងនាមជាសិល្បករម្នាក់ប្តេជ្ញាចិត្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបំរើអារម្មណ៍ទស្សនិកជន នាងបានត្រៀមខ្លួនរួមរាល់ហើយសម្រាប់ការសម្តែងជាលើកទី២នេះ ។ 

 

 

កន្លងមកនេះលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា ការសម្តែងល្ខោនបាមោជ្ជទ័យរឿង « កូលាបប៉ៃលិន » គឺមានគោលដៅធំពីរ ។ ទីមួយគឺដើម្បីបង្ហាញពីអក្សរសាស្រ្តខ្មែរផង និងវប្បធម៌សិល្បៈផង និងទី២ដើម្បិឱ្យយុវវជនជំនាន់ក្រោយបានជ្រួតជ្រៀបពីស្នាដៃបុព្វបុរសខ្មែរដែលបានផ្តល់ទុកឱ្យយើងនាពេលកន្លងមក ។ កុំភ្លេចចូលរួមទស្សនា និងគាំទ្រទស្សនីយភាពល្ខោបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ជាលើកទី២ឱ្យបានច្រើនកុះករ ៕  


 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ភីអិនអិន 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025