ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថាបច្ចុប្បន្ន កម្ពុជា មានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន ៦កន្លែង បើធៀបនឹងឆ្នាំ២០២៣។
ក្នុងពិធីសម្ភោធរោងចក្រកែច្នៃកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មីរបស់ក្រុមហ៊ុនទ្រីភាព អឹមផត អិចផត នៅខេត្តព្រះវិហារ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន ៦កន្លែង បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែបមាន ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។
ទន្ទឹមនឹងនេះ ក្នុងឆ្នាំ ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួនប្រមាណ ៦៧០លានដុល្លារ កើនឡើងជាង ១៥០លានដុល្លារអាម៉េរិក បើធៀបនឹងឆ្នាំ ២០២៣ ខណៈ ដែលរោងចក្រផលិតសំបកកង់យានយន្តទាំង ៣ ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥ម៉ឺន ៨ពាន់តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦លានដុល្លារអាម៉េរិក កើនឡើងជាង ៥០លានដុល្លារអាម៉េរិក បើធៀបទៅនឹងឆ្នាំ ២០២៣។
ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលមានក្រុមហ៊ុន រោងចក្រកែច្នៃកៅស៊ូក្នុងស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងសម្រេចបាន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសផ្នែកដំណាំកៅស៊ូនៅកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចថា វិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ