ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ទោះបីជាបោះបង់អាជីពចម្រៀង រ៉េប របស់ខ្លួនអស់ជាច្រើនឆ្នាំក្តី ពូ ឃ្លាំង នៅតែមានស្នាដៃល្អៗបង្ហាញទស្សនិកជន បន្ទាប់ពីប្រកាសវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះឡើងវិញ ។
ពូ ឃ្លាំង បានវិលត្រឡប់មកកសាងស្នាដៃចម្រៀង រ៉េប របស់ខ្លួនឡើងវិញហើយ ក្រោយពីបោះបង់វិស័យនេះអស់ជាច្រើនឆ្នាំ បើទោះបីជាការវិលត្រឡប់របស់លោកនាពេលនេះមានតារាចម្រៀង រ៉េប ក្មេងៗជាច្រើនកំពុងរីកដុះដាលច្រើនយ៉ាងណាក្តី លោកនៅតែរំពឹងថា ខ្លួននឹងផ្ទុះខ្លាំងក្នុងវិស័យនេះ ដោយសារលោកមានចំណុចពិសេសជាច្រើននៅក្នុងដៃ ។
បទចម្រៀងរបស់ ពូ ឃ្លាំង ដែលបានចេញជាបន្តបន្ទាប់នាពេលមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសបន្ទាប់ពីលោកបានចេញបទចម្រៀង Fit ជាមួយតារាចម្រៀង រ៉ាប៊ឺ មកកាន់តែធ្វើឱ្យលោកផ្ទុះខ្លាំង រហូតត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនអញ្ជើញចូលរួមកម្មវិធីជប់លៀងធំៗ ធ្វើឱ្យលោកទទួលបានប្រាក់ចំណូលច្រើនគួរសមពីវស័យនេះ ។
ជួបជាមួយ ពូ ឃ្លាំង កាលពីពេលថ្មីៗនេះ ពូ ឃ្លាំង បានឱ្យដឹងថា លោកសប្បាយចិត្តណាស់ដែលបានវិលត្រឡប់មកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យដែលខ្លួនស្រឡាញ់ឡើងវិញ វិស័យចម្រៀង រ៉េប របស់ ខ្មែរ យើងពេលនេះកំពុងរីកដុះដាលទៅមុខបានយ៉ាងល្អ ដោយសារប្អូនៗជំនាន់ក្រោយគាត់មានស្នាដៃ ល្អៗជាច្រើន មើលទៅមិនចាញ់បរទេសឡើយ លោកសង្ឃឹមថា វិស័យរ៉េបរបស់ ខ្មែរ យើងនឹងកាន់តែល្បីល្បាញរហូតដល់ឆាកអន្តរជាតិ ។
ជាមួយនិងការវិលត្រឡប់មកសាងស្នាដៃក្នុងវិស័ចម្រៀងឡើងវិញ ពូ ឃ្លាំង មិនខ្លាចក្នុងការប្រកួតប្រជែងជាមួយក្មេងៗជំនាន់ក្រោយទេ ដោយសារលោកជាតារាចម្រៀងជើងចាស់មួយរូបដែលមានអ្វីដែលជារបស់ខ្លួន ជាពិសេសលោកមានចំណុចពិសេសផ្ទាល់ខ្លួនជាច្រើនទៀតដែលប្អូនៗជំនាន់ក្រោយគ្មាន ហើយការវិលត្រឡប់របស់លោកលើកនេះលោកបានដៅរួចហើយថាខ្លួនត្រូវតែធ្វើអ្វី ដើម្បីធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ។
ជាការពិតណាស់ ពូ ឃ្លាំង ទើបតែវិលត្រឡប់មកវិញមិនបានប៉ុន្មានផង មានក្រុមហ៊ុនជាច្រើនបានពេញចិត្ត និងអញ្ជើញលោកធ្វើការងារជាច្រើន ពូ ឃ្លាំង បានបន្ថែមទៀតថា ពេលនេះលោកមិនធ្វើបទចម្រៀងម្នាក់ឯងដូចមុនទេ លោកមានក្រុមការងារជួយពីក្រោយ ដូច្នេះហើយទើបលោកខំប្រឹងប្រែងធ្វើការងារចម្រៀង នេះ ដើម្បីរកប្រាក់ចំណូលជួយពួកគាត់ទាំងអស់ ។
ពូ ឃ្លាំង ក៏ត្រៀមខ្លួននឹងលេចមុខនៅក្នុងព្រឹត្តិការណ៍ធំមួយនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ លោកមានអ្វីថ្មីជាច្រើនត្រៀមនឹងបង្ហាញទស្សនិកជន លោកថា លោកនឹងធ្វើខ្លួនឱ្យកាន់តែផ្ទុះខ្លាំងក្នុងវិស័យចម្រៀងនេះ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច