ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ហេង ប៊ុនលាភ នៅតែមានទីផ្សារខ្ពស់ ទោះបាត់មុខពីសិល្បៈយូរឆ្នាំ

០៥ តុលា ២០២២ | កម្សាន្ដ

 

 

តារាសម្ដែង និងជាតារាចម្រៀងធ្លាប់ល្បីល្បាញខ្លាំងជំនាន់ដើមឆ្នាំ២០០០ លោក ហេង ប៊ុនលាភ ចាប់លេចមុខក្នុងវិស័យសិល្បៈវិញហើយ ក្រោយផ្អាកការងារនេះអស់ជាច្រើន។ គេចាប់អារម្មណ៍ថា លោកនៅតែមានទីផ្សារខ្ពស់ ដោយទទួលបានការងារថតជាហូរហែរ។តារាសម្ដែង និងតារាចម្រៀង លោក ហេង ប៊ុនលាភ បានវិលត្រឡប់មករកវិស័យសិល្បៈវិញហើយ ដោយកាលពីពេលថ្មីៗ កន្លងទៅ លោកបានបង្ហើរសំនៀងដ៏ក្រអួនក្រអៅថតបទចម្រៀងចូលឆ្នាំឱ្យផលិតកម្ម Davitra ដែលបទទាំងនោះសុទ្ធជាចម្រៀងទោល។


ក្រឡេកមកការសម្តែងវិញមានផលិតករទាក់ទងច្រើនដែរ តែលោកពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលថតទាំងអស់នោះទេ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន និងការងាររាជការផង។តារាសម្តែងល្បីល្បាញដើមឆ្នាំ២០០០ រូបនេះលើកឡើងថា បច្ចុប្បន្នលោកទទួលច្រៀងសម្តែងធម្មតា សូម្បីឡើងច្រៀងតាម Concert ក៏ទទួលដែល ឱ្យតែមានគេទាក់ទង ហើយពេលវេលាត្រូវរ៉ូតគ្នា។ 

 


សម្រាប់ភាពយន្តវិញ លោកបានទទួលថតរឿងភាគមួយ ដែលត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែសុំមិនទាន់និយាយលម្អិត ឬប្រាប់ចំណងជើងឡើយ គ្រាន់តែថា ឆាប់ៗនេះ ទស្សនិកជននឹងបានទស្សនាការសម្តែងលោកម្តងទៀតហើយ។

 

 

បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយូរបន្តិចមែន តែតារាចម្រៀងចាស់វស្សានេះ នៅរក្សាបានរូបរាងសង្ហា មិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ ហើយថ្មីៗនេះគេបានប្រទះឃើញលោកថតបង្ហាញម៉ូដឱ្យហាងសម្លៀកបំពាក់បុរស TP Homme by Rachana ថែមទៀតផង។ គួរឱ្យចាប់អារម្មណ៍ លោកនៅតែស្រស់សង្ហាពេលថតម៉ូដរួមជាមួយតារាស្រករក្រោយ។

 

 

តាមរយៈការងារដែលទទួលបាននៅពេលនេះ សបញ្ជាក់ឱ្យឃើញថា លោកនៅតែនៅតែមានទីផ្សារខ្ពស់ ទោះបាត់មុខពីសិល្បៈយូរឆ្នាំទៅហើយក្តី។សូមជម្រាបថា លោក ហេង ប៊ុនលាភ ជាអតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០០១ ហើយលោកក៏បានក្លាយខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម SSB ដោយមានការជួយជ្រោមជ្រែងពីលោក ហ្វៃ សំអាង។

 

 

ក្រៅពីមានទីផ្សារចម្រៀងហើយ លោកក៏មានទីផ្សារភាពយន្តខ្លាំងក្លាមិនចាញ់គ្នាឡើយ រហូតត្រូវអញ្ជើញឱ្យចូលរួមសម្ដែងជាដៃគូអ្នកនាង ដាញ់ ម៉ូនីកា ស្ទើរតែគ្រប់ភាពយន្តក្នុងស្រុក។ ខណៈទីផ្សារចម្រៀង និងសម្តែង កំពុងមានសន្ទុះ លោក ហេង ប៊ុនលាភ ស្រាប់តែសម្រេចចិត្តរៀបការបញ្ចប់ភាពនៅលីវជាមួយកូនស្រីថៅកែឡូនេសាទ នៅខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០០៧ ជាហេតុធ្វើឱ្យលោកផ្អាកការងារសិល្បៈដើម្បីចាប់មុខជំនួញជំនួសវិញ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024