ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
មុនថ្ងៃបុណ្យភ្ជុំបិណ្ឌចូលមកដល់លោក យ៉ែម សំអូន បានចេញ MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « You Are My Last Long » ដោយបានផ្តិតយកទិដ្ឋភាពផ្ទាល់ពីប្រទេស កូរ៉េ បញ្ចូលទៅក្នុងវិដេអូចម្រៀងនេះ។ ជាពិសេស ក៏មានវត្តមានកូនប្រុសដ៏សង្ហារបស់លោកក្នុង MV ចម្រៀងថ្មីនេះ ។
គ្រាន់តែ MV ចម្រៀងដែលមានចំណងជើងថា « You Are My Last Long » ចេញនៅលើផេកហ្វេសប៊ុក និង យូធូប របស់លោក កាលពីប៉ុន្មានថ្ងៃមុនឃើញថា មានការគ្រាំទ្រច្រើនមិនធម្មតាទេ ដោយសារក្នុង MV ចម្រៀងមួយបទនេះបង្កប់ទៅដោយអត្ថន័យ ព្រមទាំងបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេស កូរ៉េ ។
តារាចម្រៀងរូបនេះ គឺជាអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេង ដោយផ្ទាល់សម្រាប់បទចម្រៀង « You Are My Last Long » ដែលជាបទចម្រៀងថ្មី ឬ Original Song ដោយលោកបាននិពន្ធឡើងកាលពីពេលថ្មីៗនេះ ហើយបទចម្រៀងនេះគឺចង់និយាយពីការជួបគ្នាដោយចៃដន្យរបស់គូស្នេហ៍មួយគូ រហូតបង្កើតបានជាចំណងស្នេហ៍ និង សន្យាថានឹងរស់នៅជាមួយគ្នាអស់មួយជីវិត ។
លោកបានឱ្យដឹងថា លោកពេញចិត្តជាមួយបទចម្រៀងមួយបទនេះខ្លាំងណាស់ តាមពិតលោកមានបំណងចង់ថត MV ចម្រៀងនេះនៅលើទឹកដីប្រទេស កម្ពុជា ប៉ុន្តែចៃដន្យពេលនេះលោកកំពុងបំពេញការងារនៅប្រទេស កូរ៉េ លោកក៏ឆ្លៀតពេលទំនេរ ធ្វើ MV ចម្រៀងនេះឡើងតែម្តង ដើម្បីទុកជាអនុស្សាវរីយ៍ ដោយសារលោកឃើញទេសភាពនៅទីនោះស្រស់ស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍ ។
សម្រាប់ MV ចម្រៀង « You Are My Last Long » ក៏មានវត្តមានកូនប្រុសរបស់លោក យ៉ែម សំអូន ចូលរួមសម្តែងផ្ទាល់តែម្តង ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់នេះ មើលទៅកូនរបស់លោកពិតជាស្រស់សង្ហារ សមជាតារា មិនចាញ់ឪពុកនោះទេ ។ លោក យ៉ែម សំអូន បានបញ្ជាក់បន្ថែមទៀតថា កូនប្រុសរបស់លោកក៏មានដុងខាងសិល្បៈផងដែរ ដូច្នេះហើយទើបលោកចាប់ផ្តើម បង្ហាត់បង្រៀនកូនប្រុសក្នុងវិស័យនេះ ហើយបានឱ្យគេចេញមុខបណ្តើរៗដើម្បីសាងស្នាដៃ ។
លោក យ៉ែម សំអូន ជាតារាចម្រៀងលេចធ្លោចាស់វស្សាមួយរូបដែលសុខចិត្តចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតបទចម្រៀងក៏ដូចជា MV ចម្រៀងទុកជាស្នាដៃ ដោយមិនខ្វល់ពីការរកប្រាក់ចំណូលពីការផលិតចម្រៀងទាំងនោះទេ ឆាប់ៗខាងមុខលោកក៏ត្រៀមនឹងចេញចម្រៀងថ្មីៗជាច្រើនទៀតទៅតាមគម្រោងដែលបានគ្រោងទុក ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN និង ផ្តល់ឱ្យ