ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

នាយ ពាក់មី និង សីសី ប៉ះគ្នាលើកដំបូងក្នុងរឿង « លោកប្តី ២ » ធ្វើឱ្យផ្អើលអស់ពិភពសម្តែង 

២១ កញ្ញា ២០២២ | កម្សាន្ដ

 

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ តារាសម្តែងកញ្ញា សីសី និង នាយ ពែក មី បានធ្វើឱ្យកក្រើកខ្លាំងក្នុងវិស័យសម្តែង បន្ទាប់ពីប៉ះគ្នា នៅក្នុងរឿង « លោកប្តី » វគ្គ ២ ដែលត្រៀមនឹងដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តពីថ្ងៃទី២២ ខែកញ្ញានេះតទៅ ។ 

 

ស្របពេលរឿង « លោកប្តី » វគ្គ ២ ដាក់សម្ពោធបញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ២០ ខែ កញ្ញា កន្លងមកនេះដោយមានវត្តមានសិល្បករជាច្រើនចូលរួមអបអរសាទរ បានធ្វើឱ្យអ្នកគាំទ្រភាពយន្ត ខ្មែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនិងស្នាដៃសម្តែងរបស់នាយ ពែក មី និងតារាស្រីសិចស៊ី សីសី ដោយអ្នកទាំងពីរបានលួចមានស្នេហាលួចលាក់និងគ្នា រហូតធ្វើឱ្យប្រពន្ធដើមគ្រាំគ្រាចិត្ត ។


រឿង « លោកប្តី » វគ្គ ២ ជាស្នាដៃនិពន្ធនិងដឹកនាំសម្តែងរបស់នាយ ពែក មី និង នាយគ្រឿន ដែលជាប្អូនប្រុស អ្នកទាំងពីរសម្រេចចិត្តធ្វើរឿងនេះឡើងម្តងទៀត ដោយសារតែកាលពីវគ្គ ១ រឿងនេះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន និងរកបានប្រាក់ចំណូលខ្ពស់ ។ 

 


នាយ ពែក មី មិនត្រឹមតែជាអ្នកដឹកនាំសម្តែងប៉ុណ្ណោះទេ លោកក៏ជាតួអង្គសំខាន់នៅក្នុងរឿងនេះផងដែរ លោកបានបង្ហាញនូវក្តីរំពឹងថា រឿង « លោកប្តី ២ » នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន មិនចាញ់វគ្គ ១ ឡើយ ពីព្រោះក្នុរឿងនេះមានទាំងកំប្លែងសើចសប្បាយ អមដោយឈុតឆាកស្នេហាផិតក្បត់ និងបង្កប់ដោយការអប់រំ ។

 


សម្រាប់រឿង « លោកប្តី »វគ្គ ២ នេះ នាយ ពែក មី បានជ្រើសរើសយកញ្ញា សីសី ចូលរួមសម្តែងជាមួយគ្នា ដោយមានឈុតស្នេហាលួចលាក់ក្បត់ប្រពន្ធកូន មើលទៅ សីសី ពិតជាសម្តែងបានយ៉ាងល្អក្នុងរឿងថ្មីនេះ សូម្បីតែនាយ ពែក មី ផ្ទាល់ក៏បានសរសើរថា សីសី ជាតារាសម្តែងល្អម្នាក់ និង ហ៊ានថតគ្រប់ឈុតឆាក មិនប្រកាន់ខ្លួន ។ 

 


ក្រឡេកមកមើលកញ្ញា សីសី វិញ នាងមានអារម្មណ៍ហាក់បីដូចជាអៀនខ្លាំង នៅពេលសម្តែងជាមួយនាយ ពែក មី លើកដំបូងក្នុងឈុតស្នេហា តែទោះជាយ៉ាងណានាងខំប្រឹងសម្តែងបានយ៉ាងល្អ ដោយមិនប្រកាន់ខ្លួន ។ 

 


បើតាមគម្រោងរឿង « លោកប្តី » វគ្គ ២ នឹងដាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ២២ ខែ កញ្ញា នេះ ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូច្នេះលោកអ្នកដែលមិនបានទៅកម្សាន្តនៅតាមបណ្តាខេត្តឆ្ងាយៗ អាចទៅទស្សនាភាពយន្តថ្មីនេះទាំងអស់គ្នា ថានឹងមានអ្វីកើតឡើងចំពោះស្នេហាភិតបក្បត់ រវាង នាយ ពែក មី , នាយ ខ្ញុង និងកញ្ញា សីសី ? ៕ 
 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024