ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២២នេះ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរវិនិយោគពីបរទេសជាង ១៣៨ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើង ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា លំហូរវិនិយោគពីបរទេសចូលមកកាន់ ចិន នៅតែបន្តមានកើនឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ដោយការវិនិយោគនៅក្នុងគ្រប់វិស័យ សម្រេចបានជាង ១៣៨ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប កើនឡើង ៤៣% ខណៈវិស័យសេវាកម្មបច្ចេកវិទ្យាទំនើប មានកំណើនខ្ពស់ដល់ ៣១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
អំឡុងពេលនេះ ការវិនិយោគដោយផ្ទាល់ពី ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងខ្លាំងជាងគេបំផុតដល់ទៅ ៥៩% ខណៈប្រទេសអាល្លឺម៉ង់ កើនឡើង ៣០% ជប៉ុន កើន ២៦% និងចក្រភពអង់គ្លេសកើនឡើង ១៧%។ សូមរម្លឹកថា លំហូរវិនិយោគផ្ទាល់ពីបរទេស ទៅកាន់ប្រទេសចិន បានកើនឡើង ២០% ដល់កម្រិតខ្ពស់បំផុត ១៧៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ