ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

Jaden Smith ទទួលតំណែងជានាយកច្នៃម៉ូដរបស់ Maison Christian Louboutin

១៨ កញ្ញា ២០២៥ | កម្សាន្ដ

 

តាមរយៈភាពលេចធ្លោក្នុងវិស័យម៉ូដ នៅពេលនេះតារាសម្ដែង Jaden Smith បានទទួលតំណែងជានាយកច្នៃម៉ូដរបស់ម៉ាកសម្លៀកបំពាក់ល្បីឈ្មោះ Maison Christian Louboutin។

 


ម៉ាកយីហោស្បែកជើងនិងសម្លៀកបំពាក់ប្រណីតដ៏ល្បីរបស់បារាំង Maison Christian Louboutin បានប្រកាសតែងតាំងនាយកច្នៃម៉ូដផ្នែកសម្លៀកបំពាក់បុរសដំបូងរបស់ខ្លួនគឺ តារារ៉េប និងតារាសម្តែង Jaden Smith ។ 

 


ស្ថាបនិកក្រុមហ៊ុនលោក Louboutin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញា ថានៅពេលបានជួប Jaden ជាលើកដំបូង លោកបានឃើញនូវភាពស័ក្តិសមសម្រាប់ Maison ក្នុងខ្លួនរបស់តារារូបនេះ ខណៈស្ទីលតែងខ្លួនរបស់លោកគឺសម្បូរបែប ពោរពេញដោយការបំផុសគំនិត ហើយការចង់ដឹងចង់ឃើញ និងការបើកចិត្តទូលាយរបស់លោកក៏គួរឱ្យកត់សម្គាល់ដូចគ្នា។ 

 


អ្នកច្នៃម៉ូដរូបនេះបន្ថែមថា តាមរយៈទិសដៅប្រកបដោយភាពច្នៃប្រឌិតរបស់ Jaden, Collection ថ្មីរបស់ក្រុមហ៊ុននឹងមានការវិវឌ្ឍគួរឱ្យរំភើប និងរស់រវើក។ លោកមានអារម្មណ៍ថាវត្តមានរបស់ Jaden នឹងជាការបន្ថែមដ៏ល្អឥតខ្ចោះចំពោះក្រុមច្នៃប្រឌិតរបស់ក្រុមហ៊ុន ហើយលោកពិតជាអន្ទះសាចង់ដឹងថាការធ្វើការជាមួយ Jaden នឹងមានភាពរីករាយខ្លាំងប៉ុណ្ណា។ 

 


សូមបញ្ជាក់ថា ម៉ាកយីហោ Louboutin ត្រូវបានស្គាល់ច្រើនល្អបំផុតសម្រាប់ស្បែកជើងកែងនារីមានឈ្មោះថា stiletto heels ដែលមានបាតពណ៌ក្រហម។ ក្រុមហ៊ុននេះបានពង្រីកខ្លួនចូលក្នុងទីផ្សារបុរសក្នុងឆ្នាំ ២០១០ ។ 

 


ចំណែកតារាប្រុស Jaden Smith ដែលមានវ័យ ២៧ ឆ្នាំគឺជាកូនប្រុសរបស់តារាសម្តែង Will Smith និងតារាសម្តែង Jada Pinkett Smith និងត្រូវបានស្គាល់ច្រើនតាមរយៈខ្សែភាពយន្តដូចជា "The Karate Kid" និង "The Pursuit of Happyness" ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025