ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ស្នាដៃថតចប់ជាង ៥ឆ្នាំហើយតែទើបសម្ពោធចាក់បញ្ចាំងធ្វើឱ្យ កែវ ឡាវីញ និង ភិន សុវណ្ណចាន់រត្តនា ភ្ញាក់ផ្អើលស្រឡាំងកាំង 

១៨ កញ្ញា ២០២៥ | កម្សាន្ដ

 

 

តួឯកប្រុសស្រី កែវ ឡាវីញ និង ភិន សុវណ្ណចាន់រត្តនា ស្រឡាំងកាំង និងភ្ញាក់ផ្អើលជាខ្លាំង ពេលដឹងថា រឿង «បេសកម្មស្នេហ៍» ត្រូវគាស់មកចាក់បញ្ចាំងគ្រប់រោងភាពយន្តក្រោយផ្អឹបទុកក្នុងស្តុកអស់រយៈពេលប្រមាណ ៥ឆ្នាំ។

 

 

តួឯកប្រុសស្រី កែវ ឡាវីញ និង ភិន សុវណ្ណចាន់រត្តនា ក៏ភ្ញាក់ផ្អើលខ្លាំង មិននឹកស្មានថា ស្នាដៃសម្ដែងថតជាង ៥ឆ្នាំមកហើយទើបតែគាស់កកាយ មកបញ្ចាំងនៅគ្រប់រោងភាពយន្តនាពេលនេះ។

 

 

ផ្តល់បទសម្ភាសន៍ដោយអារម្មណ៍ហួសចិត្ត ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងរឿង «បេសកម្មស្នេហ៍» កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញ ស្រីស្អាត ឡាវីញ និង លោក រត្តនា ថា រឿងនេះជាខ្សែភាពយន្តខ្នាតធំដែលអ្នកទាំងពីរថតប្រមាណ ៥ឆ្នាំមុនមកម៉្លេះ។ «បេសកម្មស្នេហ៍» ជាប្រភេទរឿងមនោសញ្ចេតនា ស្នេហា លាយឡំភាពកម្សត់ និងការអប់រំផងដែរ។ 

 

 

តួឯកស្រី កែវ ឡាវីញ ថា នេះជាស្នាដៃភាពយន្តខ្នាតធំដែលនាងថតដំបូងគេបង្អស់់ ពោលគឺតាំងពីប្រឡូកសិល្បៈថ្មីៗ។ ទោះរឿងនេះត្រូវបានផ្អឹបទុកក្នុងស្តុកយូរបន្តិចមែន តែនាងមានមោទនភាពចំពោះស្នាដៃរឿងនេះមែនទែន ព្រោះកាលនោះនាងដាក់កាយដាក់ចិត្តថតរឿងនេះខ្លាំងណាស់ ដូច្នេះនាងសង្ឃឹមថា អ្នកគាំទ្រនឹងមិនប្រកាន់ចំពោះចំនុចខ្វះខាតមួយចំនួន ពេលបានទស្សនារឿងនេះ។

 

 

 

ក្រឡេកទៅមើល លោក ភិន សុវណ្ណចាន់រត្តនា តួឯកប្រុសក្នុងរឿង «បេសកម្មស្នេហ៍» ឯណោះវិញ សម្តែងអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលសុខៗរឿងនេះស្រាប់តែត្រូវគាស់មកចាក់បញ្ចាំងតាមរោងភាពយន្ត ខណៈដែលលោកជាតួឯកបានបោះបង់ចោលវិស័យសិល្បៈទាំងស្រុងអស់រយៈប្រមាណ ៣ឆ្នាំមកហើយ។

 

 

អតីតតារាសម្តែង ភិន សុវណ្ណចាន់រត្តនា លើកឡើងថា នេះជាស្នាដៃភាពយន្តខ្នាតធំចុងក្រោយរបស់លោកដែលបានថត មុនពេលសម្រេចចិត្តឈប់ពីសិល្បៈ។ ចាស់ឆ្នាំបន្តិចមែន តែលោកជឿជាក់ថា សាច់រឿង «បេសកម្មស្នេហ៍» ផ្តល់គុណតម្លៃច្រើនដល់អ្នកទស្សនា។

 

 

 

ក្នុងនោះផងដែរ ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន នៅតែរក្សាជំហរក្នុងការបញ្ចាំងរឿងក្នុងស្តុកឱ្យអស់ មិនខ្វល់ថា ខាតឬចំណេញនោះឡើយ។ ក្រៅពីការបញ្ចាំងក្នុងស្រុក រឿង «បេសកម្មស្នេហ៍» ហើយនោះ ផលិតកម្មគ្រោងនាំយករឿងនេះទៅចូលរួមមហោស្រពអន្តរជាតិនៅប្រទេសចិន នាចុងឆ្នាំនេះផងដែរ។រឿង «បេសកម្មស្នេហ៍» ឬ «Love Mission» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខតទៅ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025