ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥

ប្រមូលផ្ដុំតារាល្បីៗចូលរួមថ្ងៃបើកមហោស្រពភាពយន្តធំបំផុតនៅអាស៊ី

១៨ កញ្ញា ២០២៥ | កម្សាន្ដ

 

ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិប៊ូសានលើកទី៣០ ដែលជាមហោស្រពភាពយន្តដ៏ធំបំផុតរបស់អាស៊ីបានចាប់ផ្ដើមរៀបចំកាលពីថ្ងៃពុធ ជាមួយវត្តមានតារាល្បីៗជាច្រើននៅប្រទេសកូរ៉េនិងអន្តរជាតិផងដែរ។

 


តារាល្បីៗ និងអ្នកផលិតភាពយន្តមកពីជុំវិញពិភពលោកបានបង្ហាញវត្តមានលើកម្រាលព្រំក្រហមកាលពីថ្ងៃទី១៧ ខែកញ្ញា នៃពិធីមហោស្រពភាពយន្តអន្តរជាតិប៊ូសាន ហៅកាត់ BIFF លើកទី៣០ ដែលជាមហោស្រពភាពយន្តដ៏ធំបំផុតរបស់អាស៊ី។ 

 

 


អ្នកដឹកនាំ Park Chan-wook បានបង្ហាញខ្លួនជាមួយនឹងតួសម្តែងក្នុងរឿងថ្មីរបស់ខ្លួន "No Other Choice" ដែលមានដូចជាតារាសម្ដែង Lee Byung Hun, Son Ye Jin, Park Hee Soon, Lee Sung Min និង Yeom Hye Ran។ 

 

 


តួសម្តែងក្នុងរឿង “The Old Woman with the Knife” ដែលចាក់បញ្ចាំងលើកដំបូងនៅមហោស្រពក្រុងបែរឡាំង កាលពីខែមករា បានជួបជុំគ្នាម្ដងទៀតនៅទីក្រុងប៊ូសាន ខណៈលោក Maggie Kang ជាអ្នកដឹកនាំរឿង Kpop Demon Hunters និង Lalisa Manobal ដែលត្រូវបាន ស្គាល់ថា Lisa ក្រុម Blackpink ក៏បានចូលរួមក្នុងការប្រារព្ធពិធីនេះដែរ។ 

 


ផលិតករភាពយន្តស្រីតៃវ៉ាន់ Sylvia Chang បានបោះជំហានលើកម្រាលព្រំក្នុងនាមជាអ្នកទទួលពានរង្វាន់ Camellia Award ឆ្នាំ ២០២៥ ជាពានផ្តល់កិត្តិយសដល់ស្ត្រីដែលមានការទទួលស្គាល់កម្រិតខ្ពស់នៅក្នុងឧស្សាហកម្មភាពយន្ត។ តារាសម្តែងតៃវ៉ាន់ Gwei Lun-mei បានដើរលើកម្រាលព្រំក្រហមជាមួយ Nishijima Hidetoshi សម្រាប់ខ្សែភាពយន្តរឿង 'Dear Stranger'។ 

 


ភ្ញៀវអន្តរជាតិផ្សេងទៀតរួមមានអ្នកដឹកនាំរឿងជនជាតិម៉ិកស៊ិក Guillermo del Toro ផលិតករភាពយន្តអាមេរិក Michael Mann ដែលមានឈ្មោះល្បីតាមរយៈស្នាដៃភាពយន្ត Heat និងអ្នកដឹកនាំរឿងដ៏ល្បីវិស័យភាពយន្តអ៊ីរ៉ង់លោក Jafar Panahi ។ 

 


សូមបញ្ជាក់ថា កម្មវិធីមហោស្រពនេះនឹងដំណើរការចាប់ពីថ្ងៃទី ១៧ ខែកញ្ញាដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៥ ដោយមានការបញ្ចាំងភាពយន្ត និងកម្មវិធីផ្លូវការជាច្រើននៅមជ្ឈមណ្ឌលភាពយន្ត Busan និងទីតាំងជាច្រើននៅសង្កាត់ Haeundae ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025