ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
តារាកំប្លែង Rowan Atkinson (រ៉ូវ៉ាន អាតគីនស៊ុន) ដែលត្រូវបានស្គាល់ច្រើនតាមរយៈតួអង្គ Mr. Bean (មីស្ទើរ ប៊ីន) បានវិលត្រឡប់មកបម្រើអារម្មណ៍ទស្សនិកជនជាថ្មីម្ដងទៀត តាមរយៈភាពយន្តភាគកំប្លែងថ្មីដែលមានដើរតួជាមួយសត្វឃ្មុំ។ភាពយន្តភាគកំប្លែង "Man Vs Bee" (ម៉េន វើសសើស ប៊ី) របស់កំពូលតារាកំប្លែង Rowan Atkinson (រ៉ូវ៉ាន អាតគីនស៊ុន) ឬ Mr. Bean (មីស្ទើរ ប៊ីន) បានចាប់ផ្ដើមចាក់ជាផ្លូវការនៅលើសេវាកម្ម Netflix។
ក្នុងភាពយន្តភាគនេះ Mr. Bean បានដើរជាតួអង្គឈ្មោះ Trevor Bingley (ត្រេវ័រ ប៊ីងលី) ជាបុរសធម្មតាមួយរូប ដែលត្រូវគូស្វាមីភរិយាដ៏ស្តុកស្ដម្ភមួយគូ ជួលឲ្យជួយមើលថែភូមិគ្រឹះប្រណីតរបស់ពួកគេ។
ពេលចូលបម្រើការងារនៅក្នុងភូមិគ្រឹះ ស្រាប់តែមានសត្វឃ្មុំមួយក្បាលបានលួចចូលមកជាមួយដែរ ដែលនាំឲ្យកើតមានរឿងរ៉ាវនឹកស្មានមិនដល់ជាច្រើនតាមការលើកឡើងរបស់លោក Rowan (រ៉ូវ៉ាន) ការដើរតួក្នុងភាពយន្តភាគ "Man Vs Bee" (ម៉េន វើសសើស ប៊ី) នេះ មិនមែនជារឿងលំបាកប៉ុន្មានឡើយ ព្រោះថាតួអង្គដែលលោកសម្ដែងមានភាពកំប្លុកកំប្លែងដែលស្រដៀងនឹងតួអង្គ Mr. Bean (មីស្ទើរ ប៊ីន) ដែរ។
ក្នុងការសម្ដែងក្នុងភាពយន្តនេះដែរ មានប្លង់ជាច្រើនដែលលោកថតជាមួយតុក្កតាឃ្មុំ ដែលបញ្ជាដោយមនុស្ស ព្រោះថាឃ្មុំគឺជាតួអង្គសំខាន់មួយដែរក្នុងភាពយន្តនេះ។
ត្បិតថាចម្រើនវ័យដល់ ៦៧ឆ្នាំហើយក្ដី ប៉ុន្តែតារារូបនេះ បានបង្ហាញក្ដីសង្ឃឹមថាលោកនឹងអាចបន្តអាជីពជាតារាកំប្លែងជាមួយសេរីភាពពេញលេញ ដែលអាចលេងសើចតាមរបៀបជាច្រើន៕
ប្រែសម្រួល៖ វ៉ាន់ថន