ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

Netflix ប្រកាសផ្លូវការពីការចេញវគ្គថ្មី 'Squid Game' និងរឿងកូរ៉េល្បីៗមួយចំនួនទៀត

១៤ មិថុនា ២០២២ | កម្សាន្ដ

 

ភាពយន្តភាគដ៏ល្បី "Squid Game" (ស្ខ្វីត ហ្គេម) នឹងវិលត្រឡប់ជាមួយរដូវកាលទីពីរ ដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿងលោក Hwang Dong-hyuk (វ៉ាង ដុង យ៉ុក) បានឲ្យដឹងអំពីតម្រុយខ្លះៗទាក់ទងនឹងវគ្គថ្មីនេះ។

 


នៅទីបំផុតក្រុមហ៊ុន Netflix បានប្រកាសជាផ្លូវការថាភាពយន្តល្បីលំដាប់ពិភពលោក "Squid Game" (ស្វីត ហ្គេម) នឹងវិលត្រឡប់ជាមួយវគ្គពីរ បន្ទាប់ពីភាពយន្តនេះទទួលបានការគាំទ្រខ្លាំងលើសលប់។

 

 

"Squid Game" បានក្លាយជាភាពយន្តភាគរបស់ Netflix ដែលមានអ្នកទស្សនាច្រើនដាច់គេ ពេលចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១។ វាបានក្លាយជាភាពយន្តកូរ៉េដំបូងរបស់ Netflix ដែលជាប់ចំណាត់ថ្នាក់លេខមួយ នៅសហរដ្ឋអាមេរិក និងអាចទាក់ទាញរយៈពេលទស្សនាសរុប ១,៦៥ពាន់លានម៉ោង ក្នុងអំឡុងពេល២៨ថ្ងៃដំបូងនៃការចេញផ្សាយ។ 

 

 

ភាពយន្តភាគដ៏ល្បីនេះ មានដំណើររឿងអំពីការប្រកួតយកប្រាក់រង្វាន់មហាសាល ដែលមានបេក្ខភាពប្រកួតជាច្រើនរូប ហើយមានតែអ្នកឈ្នះប៉ុណ្ណោះដែលអាចរក្សាជីវិត និងទទួលបានប្រាក់រង្វាន់ដែលអាចធ្វើឲ្យជីវិតរបស់ពួកគេផ្លាស់ប្ដូរទាំងស្រុង។  

 

 

អ្នកនិពន្ធ និងអ្នកដឹកនាំ Hwang Dong-hyuk (វ៉ាង ដុង យ៉ុក) បានឲ្យតម្រុយអំពីព័ត៌មានមួយចំនួនអំពីភាពយន្តភាគវគ្គថ្មី នៅក្នុងលិខិតដែលចេញផ្សាយដោយ Netflix។ 

 

 

អ្នកដឹកនាំបានឲ្យដឹងថា តួអង្គ Gi-hun (ហ្គី ហ៊ុន) រួមជាមួយតួអង្គដែលស្លៀកពាក់ឈុតខ្មៅឈ្មោះថា Front Man (ហ្រ្វន់ ម៉េន) អាចនឹងវិលត្រឡប់ ហើយទស្សនិកជននឹងបានស្គាល់ពីមិត្តប្រុសរបស់ Young-hee (យ៉ុង ហី) ដែលជាតុក្កតាស្លៀករ៉ូបពណ៌ទឹកក្រូច បង្ហាញមុខក្នុងល្បែងវគ្គទីមួយ។ 

 

 

ទោះយ៉ាងណា Netflix មិនបានបញ្ជាក់អំពីកាលបរិច្ឆេទចេញផ្សាយភាពយន្តភាគ "Squid Game" វគ្គថ្មីនេះនៅឡើយទេ ខណៈមានភាពយន្តល្បីៗមួយចំនួនទៀតត្រៀមចេញរដូវកាលទីពីរដែរ ដូចជាភាពយន្ត Zombie “All Of Us Are Dead” និងភាពយន្ត “Sweet Home”៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025