ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
កាលពីថ្ងៃទី២០ ខែមេសា វិទ្យាស្ថានវប្បធម៌ និងទេសចរណ៍កូរ៉េខាងត្បូងបានចេញផ្សាយការវិភាគមួយបង្ហាញថា ការប្រគំតន្ត្រីមួយលើករបស់ក្រុមចម្រៀងបុរស BTS អាចជះឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចជាតិក្នុងទំហំទឹកប្រាក់ចាប់ពីប្រមាណ ៥០០លានដុល្លារ ទៅប្រមាណ ៩៨៤លានដុល្លារ។
ការប៉ាន់ស្មាននេះគឺជាលទ្ធផលនៃការវិភាគលើឥទ្ធិពលនៃសេដ្ឋកិច្ចដែលបានមកពីសំបុត្រចូលទស្សនាការប្រគំតន្ត្រី, ការលក់ផលិតផល, ថ្លៃចំណាយលើការហោះហើរ, ថ្លៃចំណាយលើមធ្យោបាយធ្វើដំណើរក្នុងតំបន់ និងថ្លៃចំណាយលើការស្នាក់នៅរបស់ភ្ញៀវបរទេសផងដែរ។
ការវិភាគបានធ្វើឡើងដោយសន្មតថាក្រុមចម្រៀង BTS មានការប្រគំតន្ត្រីរយៈពេល៣ថ្ងៃ នៅទីតាំងមួយកន្លែងដែលអាចផ្ទុកមនុស្សបានយ៉ាងតិចប្រាំមួយម៉ឺនប្រាំពាន់នាក់ (៦៥០០០នាក់)។ ប្រសិនបើមានអ្នកចូលរួម ២០% ជាភ្ញៀវបរទេស នោះការប្រគំតន្ត្រីនេះអាចជួយសេដ្ឋកិច្ចជាតិបានប្រមាណ ៥០០លានដុល្លារ។
ប៉ុន្តែប្រសិនបើមានបើភ្ញៀវបរទេសមានរហូតដល់ ៥០% នោះទំហំទឹកប្រាក់ប្រមាណ ៩៨៤លានដុល្លារ នឹងចូលទៅក្នុងសេដ្ឋកិច្ចនៃប្រទេស។ បន្ថែមពីនេះការប្រគំតន្រ្តីរបស់ក្រុម BTS ក្រោយសម័យកាលកូវីដក៏អាចបង្កើតការងារបានប្រមាណមួយម៉ឺនកន្លែងផងដែរ។
របាយការណ៍នៃការវិភាគនេះដែរបានសង្ខេបថាមិនត្រឹមតែការប្រគំតន្ត្រីរបស់ក្រុម BTS ប៉ុណ្ណោះទេ ប៉ុន្តែការប្រគំតន្ត្រីរបស់ក្រុមចម្រៀងកូរ៉េដទៃទៀតនឹងជួយដល់កំណើនសេដ្ឋកិច្ចជាតិដូចគ្នា៕
ប្រែសម្រួល៖ វ៉ាន់ថន